ភ្នំពេញ៖ ភូមិចំនួនបី ដែលប្រជាពលរដ្ឋរស់នៅស្ថិត ក្នុងឃុំកោះទន្ទឹមស្រុកកំពង់សៀម កំពុងប្រឈមការគំរាមកំហែងខ្លាំង ពីការបាក់ស្រុតច្រាំង ចូលក្នុងទន្លេមេគង្គ ប្រសិនបើមិនមានវិធានការបន្ទាន់បូមស្តារ ដីដុះជ្រោយកោះចេញ និងវិធានការការពារ ច្រាំងទន្លេទេនោះ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម កាលពីថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១បានឱ្យដឹងថា ខណៈលោកបានអមដំណើរ លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប លោក លន់ លឹមថៃ តំណាងរាស្រ្តមណ្ឌលកំពង់ចាមនិងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូបទៀត។
ថា្នក់ដឹកនាំបានចុះពិនិត្យ ស្ថានភាពច្រាំងនិងតួទន្លេមេគង្គ ដែលប្រឈមការបាក់ស្រុតប្រវែងជាង២.០០០ម៉ែត្រក្នុងភូមិសាស្រ្តខាងលើ។លោកអភិបាលរងខេត្តកំពង់ចាមបានបញ្ជាក់ថា៖តាមការពិនិត្យជាក់ស្តែងលើទីតាំងច្រាំងទន្លេគឺច្រាំងកំពុងប្រឈមការបាក់មានប្រមាណ ២.៤០០ម៉ែត្រ និងទីតាំងច្រាំងកំពុងប្រឈមការបាក់ស្រុតខ្លាំងប្រមាណ ១.០០០ម៉ែត្រគឺចាំបាច់ត្រូវ ចាត់វិធានការការពារបន្ទាន់។
លោក ហេង វណ្ណនី បានបន្តថា កន្លងមកច្រាំងទន្លេនៅតំបន់មានការប្រែប្រួលចរន្តទឹកនិងតួទន្លេយ៉ាងខ្លាំង បណ្តាលឱ្យភូមិចំនួនពីរ បានបាក់ស្រុតទៅក្នុងទន្លេ និងភូមិចំនួនបី ផ្សេងទៀត កំពុងប្រឈមនឹងការបាក់ស្រុត ចូលទន្លេបន្តទៀត។ ជាមួយនោះបើមិនស្តារជ្រោយដីដុះកោះ ចេញ សម្រួលដល់ចរន្តទឹក និងមិនចាត់វិធានការ ការពារច្រាំងទន្លេ ប្រឈមបន្ទាន់ទេ គឺការបាក់ច្រាំងទន្លេ នឹងគំរាមដល់ភូមិទាំងបី របស់ប្រជាពលរដ្ឋ ជាក់ជាមិនខាន ៕