ភ្នំពេញ៖ បុរសម្នាក់ ដែលគេស្គាល់ថា ជាថៅកែ ត្រីសាលម៉ុន នៅក្នុងខណ្ឌទួលគោក ត្រូវបាន សមត្ថកិច្ចនគបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគបាលរាជធានីភ្នំពេញ ចាប់បញ្ជួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ពាក់ព័ន្ធការចេញសែកស្អុយ ជិត៣០ម៉ឺនដុល្លារ។
ការបញ្ជូនជនសង្ស័យរូបនេះ គឺធ្វើឡើងបន្ទាប់ពីសមត្ថកិច្ច បានឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ពាក់ព័ន្ធករណីឆបោក និងមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន តាមរូបភាពចេញមូលប្បទាប័ត(សែកស្អុយ) អត់សាច់ប្រាក់ជិត៣០ម៉ឺនដុល្លារអាមេរិក ។
តាមខ្លឹមសារដីការ បង្គាប់ឲ្យចាប់ខ្លួនបញ្ជាក់ថា ជនជាប់សង្ស័យទី១.មានឈ្មោះ អ៊ុន សុង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ ជាថៅកែផ្គត់ផ្គត់ទិញលក់ត្រីធូណា និងត្រីសាលម៉ុន ដែលមានអាស័យដ្ឋាន ផ្ទះលេខ៥៩AZ ផ្លូវលេខ២៤៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ខ្លឹមសារដីការឲ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងតាមដីកាបង្គប់ឲ្យចាប់ខ្លួនរបស់លោក លី សុខលេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក ។ ហើយក្រោយពេលចាប់ឃាត់ខ្លួនជនសង្ស័យ សមត្តកិច្ចបានបំពេញបែបបទតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែឧសភានេះ ដើម្បីដោដោះស្រាយជាមួយម្ចាស់បំណុលតាមផ្លូវច្បាប់៕