ជើងខ្លាំង ដែលកាប់ និងវាយយុវជនម្នាក់ ព្រោះជម្លោះរឿងស្នេហា នៅតាកែវ ត្រូវបានសមត្ថកិច្ចក្របួចជាប់ នៅខេត្តកណ្ដាល

0

ភ្នំពេញ៖ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងនគរបាលខេត្តកណ្ដាក សហការជាមួយកម្លាំងនគរបាលខេត្ត បានឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ាង សុខខេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករ នៅចំណុចភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

កិច្ចសហការឃាត់ខ្លួនជនសង្ស័យខាងលើ តាមបញ្ជារបស់លោក ជាវ ចាន់ដារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

សូមបញ្ជាក់ថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យនេះ បន្ទាប់ពីមានបណ្តាញសង្គមជាច្រើនផ្សព្វផ្សាយពី (វីដេអូ) ថតចេញពីកាមេរ៉ាសុវត្ថិភាពមួយ សកម្មភាពកាប់ និងវាយទៅលើយុវជនម្នាក់យ៉ាងសាហាវ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅក្នុងឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រគល់ជូនកម្លាំងអធិកាដ្ឋាន នគរបាលស្រុកព្រៃកប្បាស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីបន្តនីតិវិធី ៕