ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀនជិត ១គីឡូក្រាម នៅខេត្តកំពង់ស្ពឺ ។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាម បញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ។
ប្រតិបត្តិការនេះដែរធ្វើឡើងកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០:២៥នាទី កម្លាំងជំនាញ(ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករង និងលោកវរ:សេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ(ក៥) ចូលរួមសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានកាសម្របសម្រួលពីលោក ខៃ សុភ័ស្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ និងឈានទៅបង្រ្កាបជួញដូរគ្រឿងញៀន នៅចំណុចស្ថានីយ៍ប្រេង PTT បណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិរលាំងសង្កែ ឃុំសុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពី ។
ជនសង្ស័យទាំង ៣នាក់រួមមាន៖ ១-ឈ្មោះ ភុំ បេន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ។ ២-ឈ្មោះ ភុំ សំបូរ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ។ ៣-ឈ្មោះ អាន ចិត្រា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ។
វត្ថុតាងចាប់យកបាន: ម្សៅសសង្ស័យមេតំហ្វេតាមីន (ICE)ចំនួន ១កញ្ចប់ធំ ស្មើទម្ងន់ ៩៨៨,២៧ក្រាម ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ តាមនីតិវីធី ៕


