ភ្នំពេញ៖ រកឃើញកម្មករ ៥៣នាក់ ធ្វើការនៅឃ្លាំងស្តុកទំនិញ (ខារ៉ាបាវ) លេខ ៤៧០ ក្នុងក្រុមទី៣ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ឆ្លងកូវីដ១៩ ។
យោងតាមហ្វេសប៊ុក សាលាសង្កាត់ស្ទឹងមានជ័យ នៅមុននេះបន្តិចបានឲ្យដឹងថា នៅម៉ោង ៩ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២១នេះ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះបិទទីតាំងឃ្លាំងស្តុកទំនិញ (ស្តុកខារ៉ាបាវ) របស់ឈ្មោះ ស ពុទ្ធា មានកម្មករសរុប ៥៣នាក់ ដែលមានទីតាំង ស្ថិតនៅឃ្លាំងលេខ ៤៧០ ក្រុមទី៣ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបញ្ជាក់ថា ទីតាំងនេះ មានករណីរកឃើញ អ្នកវិជ្ជមាន មេរោគកូវីដ-១៩ សរុបចំនួន ៥៣នាក់ ជាកម្មករ ធ្វើការក្នុងឃ្លាំងស្តុកទំនិញភេសជ្ជៈ ខារ៉ាបាវ ដែលបានពាក់ព័ន្ធជាមួយ ឈ្មោះ ជាម ដា ភេទស្រី អាយុ ៤៨ឆ្នាំ ជាជនអនាថា ដែលបានស្លាប់ដោយសារ កូវីដ-១៩ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ដែលមានទីតាំង ស្ថិតនៅទីតាំងជិតឃ្លាំងនោះផ្ទាល់ ។
បន្ទាប់មក លោក ឌី រ័ត្នខេមរុណ បានដឹកនាំធ្វើការហុំព័ទ្ធទីតាំងឃ្លាំងខាងលើនោះភ្លាម ហាមមិនអោយបងប្អូនប្រជាពលរដ្ឋ នៅក្បែរនោះ និងអ្នកឆ្លងកាត់មានការប៉ះពាល់បានឡើយ ម្យ៉ាងវិញទៀតអ្នកដែរបានពិនិត្យរួចហើយ (ធ្វើតេស្ត) គឺតំរូវអោយធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ តាមវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ បន្តទៀតក្នុងមូលដ្ឋានសង្កាត់ផងដែរ ៕







