ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ប្រឆាំងបទល្មើសគ្រឿងញៀន អគ្គនគរបាលជាតិ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១បានបញ្ជូនជនសង្ស័យ៨នាក់ ទៅតុលាការដើម្បីសាកសួរ ពាក់ព័ន្ធករណី រក្សាទុក ដឹកជញ្ជូនជួញដូរ,ប្រើប្រាស់នូវសារធាតុញៀន និងកាន់កាប់ អាវុធខុសច្បាប់៥ដើម។
ជនសង្ស័យទាំង៨ នាក់នោះត្រូវបានកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបចំនួន២ គោលដៅគឺ៖
ទី១.កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នៅក្នុងសង្កាត់ទួលសង្កែ និងក្នុងបុរីបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញចាប់បាន២នាក់ ជាជនជាតិចិនតៃវ៉ាន់ និងចាប់យកវត្ថុតាងសារធាតុញៀនប្រភេទ(កេតាមីន) ទម្ងន់ប្រមាណ១ គីឡូក្រាម ។
ទី២ នៅថ្ងៃដដែល សមត្តកិច្ចបានឆ្មក់ចូលបង្ក្រាប នៅចំណុចគោលដៅរីហ្សតឈ្មោះ សមាធិឡេក ភូមិច្រេស សង្កាត់គោកឃ្លាង ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ៦ នាក់ និង មានជនជាតិវៀតណាមម្នាក់ រួមទាំងចាប់យកវត្ថុតាងថ្នាំញៀន មួយចំនួន ដោយក្រុមជនសង្ស័យបានដឹងខ្លួនមុន នឹងបានចាក់គ្រឿងញៀន ចូលក្នុងទឹកបឹងចោល ដើម្បីបំបាត់ដាន ។
សូមបញ្ជាក់ថា សំណុំរឿងខាងលើនេះ ស្ថិតនៅក្នុងចំណាត់ការរបស់លោក សិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរ ដែលការសាកសួរនោះមិនទាន់ត្រូវបានបញ្ចប់នៅឡើយ៕