ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជន ជាពិសេសបងប្អូននិយមប្រេីប្រាស់បណ្តាញសង្គមបានជ្រាបថា ថ្មីៗនេះអ្នកប្រេីប្រាស់បណ្តាញសង្គមបានចែករំលែកនូវរូបភាព ឃ្លីបវីដេអូមុស្សស្រីម្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាពបេីកជ្រេពេញផ្លូវ បង្កឱ្យអ្នកធ្វេីដំណេីរចាប់អារម្មណ៍និងសម្តែងការហួសចិត្ត ចំពោះសកម្មភាពមួយនេះ។
ទទួលបានព័ត៌មាននេះ ពីក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់សមត្ថកិច្ចនគរបាលស្រុកមោងឫស្សីដែលមានលោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិការនគរបាលស្រុក ធ្វេីការស្រាវជ្រាវជាបន្ទាន់។
នារសៀលថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១ នេះសមត្ថកិច្ចនគរបាលស្រុកមោងឫស្សីបានស្វែងរកឃេីញ សាមីខ្លួនដែលជាក្មេងស្រី មានអាយុទេីបតែ១៥ឆ្នាំ រស់នៅស្រុកមោងឫស្សី ជាអ្នកជិះម៉ូតូជ្រេពេញផ្លូវពីថ្ងៃមុន។ ក្រោយពីបានទទួលស្គាល់នូវកំហុសឆ្គង សមត្ថកិច្ចនគរបាលបានធ្វេីការអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពបែបនេះទៀត និងបានប្រគល់ជូនអាណាព្យាបាលអប់រំនៅមូលដ្ឋានបន្តទៀត។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះការចូលរួមសហការណ៍ផ្តល់ព័ត៌មានពីគ្រប់មជ្ឈដ្ឋាន ដល់សមត្ថកិច្ចនគរបាល ជាមួយនេះសូមអំពាវនាវដល់ប្អូនៗយុវជន យុវតី ទាំងអស់មេត្តាកុំយកគំរូដែលមិនល្អ ដូចក្នុងករណីមួយនេះ ដែលនាំបង្កឱ្យប៉ះពាល់ដល់កិត្តិយសបុគ្គល ក៏ដូចក្រុមគ្រួសារផងដែរ ៕