ភ្នំពេញ ៖ ជនសង្ស័យម្នាក់ មានមុខរបរ ជាអ្នកគួកជេរដី បន្ទាប់ពីបាននាំបក្ខពួក វាយបំផ្លិចបំផ្លាញ បង្គោលថ្មព្រំដី នៅចំណុចវាលស្រែ ភូមិស្រែកណ្តោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក៏ត្រូវបានកម្លាំងនគរបាល ស្រុកអង្គស្នួល ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។
ជនសង្ស័យឈ្មោះ សឿន ចំរើន ហៅ ជាងអូន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ គួកជេដី នៅភូមិស្រែតាមែង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។
សម្ភារខូចខាតរួមមាន ៖ បង្គោលថ្ម ដាំតាមព្រំដីមានចំនួន ៦៣ ដើម ។
ជនរងគ្រោះ ឈ្មោះ ម៉េង សុខណាង ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ នៅភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា នៅវេលាម៉ោង ១០និង២២នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចវាលស្រែ ភូមិស្រែកណ្តោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ជនសង្ស័យនិងបក្ខពួក បាននាំគ្នាវាយបំផ្លិចបំផ្លាញបង្គោលព្រំដី របស់ជនរងគ្រោះខាងលើអស់ចំនួន៦៣ដើម ។
បន្ទាប់ពីកើតហេតុភ្លាម ៖ ជនរងគ្រោះបានតេទូរស័ព្ទមកប្តឹងសមត្ថកិច្ចថា ជនសង្ស័យឈ្មោះ សឿន ចំរើន និងបក្ខពួក បានមកវាយបំផ្លាញបង្គោលព្រំដីស្រែរបស់ខ្លួននៅភូមិស្រែកណ្តោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ក្រោយមកតាមបញ្ជា របស់លោកអធិការឱ្យកម្លាំងជំនាញ ចុះទៅសហការជាមួយកម្លាំងប៉ុស្តិ៍និងអាជ្ញាធរភូមិឃុំ ចុះទៅដល់កន្លែងហេតុ ដើម្បីការពារកុំឱ្យ មានអំពើហិង្សា និងហាមឃាត់កុំឱ្យវាយបំផ្លិចបំផ្លាញ តទៅទៀត ហើយសំណូមពរភាគីទាំងសងខាង ឱ្យមកដោះស្រាយគ្នា នៅសាលាឃុំ ឬសាលាស្រុកក៏បាន ។ ប៉ុន្តែភាគីខាង សឿន ចំរើន មិនព្រមស្តាប់សមត្ថកិច្ច ហើយស្រែកឡូឡា បញ្ជាឱ្យកូនចៅថត សមត្ថកិច្ច ហើយទាម ទារឱ្យសមត្ថកិច្ច និងអាជ្ញាធររកដំណោះស្រាយឱ្យខ្លួន នៅកន្លែងកើតហេតុ ឱ្យចប់រឿង។
បន្ទាប់មកលោកអធិការបញ្ជាឱ្យដកកម្លាំងត្រឡប់មកអធិការដ្ឋានវិញ លុះដល់វេលាម៉ោង ១៤និង០០នាទី ថ្ងៃដដែល ជនរងគ្រោះឈ្មោះ ម៉េង សុខណាង បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាន ប្តឹងទៅលើឈ្មោះ សឿន ចំរើន និងបក្ខពួក ពីបទ វាយបំផ្លិចបំផ្លាញ (ធ្វើអោយខូចខាតដោយចេតនា)។ ក្រោយពីទទួលពាក្យបណ្តឹងរួច អធិការដ្ឋានស្រុកអង្គស្នួល បានចេញលិខិតកោះហៅ ឈ្មោះ សឿន ចំរើន ឱ្យចូលខ្លួនមកបំភ្លឺរឿងផ្ទាល់ខ្លួន ដោយយោងតាមបណ្តឹងខាងលើ ប៉ុន្តែមិនព្រមចូលខ្លួន តាមការកោះហៅនោះទេ។
រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទីរសៀល កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សឿន ចំរើន តាមដីកាបញ្ជាឲ្យចូលខ្លួន ពីបទ ៖ ធ្វើឲ្យខូចខាតដោយចេតនា ដែលប្រព្រឹត្តនៅភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ។ ដីកាលេខ០៦១ ដកបចខ/២០២១ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ របស់ឯកឧត្ដម លាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ។
តាមការសន្និដ្ឋាន របស់សមត្ថកិច្ច ៖ ករណីនេះផ្តើមចេញ ពីវិវាទដីធ្លី ។
ចំពោះករណីនេះ កម្លាំងផ្នែកជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅតុលាការ ចាត់ការតាមច្បាប់ ៕