ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម មក្សពួក៤នាក់ ត្រូវបានសមត្ថកិច្ចទម្លាយពីប្រវត្តិ នៃការប្រព្រឹត្តបទល្មើស ជាច្រើនលើកច្រើនសា ពាក់ករណីជួញដូរគ្រឿងញៀនផង ចោរកម្មផង មិនត្រឹមតែប៉ុណ្ណោះក៏ធ្លាប់ជាប់ពន្ធនាគារជាច្រើនដងផងដែរ។
ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ដោយមាន ការចង្អុលបង្ហាញផ្ទាល់ ពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការណែនាំពី លោក ប៉ែន កុសល្យ ប្រធានគណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យ និងមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តឧត្តរមានជ័យ នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំ កម្លាំងផែនជំនាញប្រឆាំងបទល្មើសគ្រឿងញៀន មានការចូលរួម ពីកំលាំងប៉ុស្ដិនគរបាលរដ្ឋបាល អូរស្មាច់ ចុះបង្រ្កាបករណីជួញដូរគ្រឿង ញៀន០១ករណី នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ឃាត់ខ្លួនជនសង្ស័យ ចំនួន០៣ នាក់៖
១-ឈ្មោះ អឹម រតនា ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង
២-ឈ្មោះង៉ែត រិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ។
៣-ឈ្មោះ ត្រាក់ ពិសី ភេទ ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅបុស្ស ស/ក កូនគ្រៀល ក្រុង សំរោង ។
ជាលទ្ធផល ដកហូតវត្ថុតាង ម៉ាទឹកកកចំនួន០៣ កញ្ចប់ ស្មើនឹង ១២,៧២ ក្រាម រថយន្តចំនួន០១ គ្រឿង ឧបករណ៍ជក់គ្រឿងញៀន មួយចំនួន ។
ករណីនេះបានបន្តស្រាវជ្រាវ រហូតដល់វេលាម៉ោង១៨ :៣០នាទី បានបន្តឃាត់ខ្លួន បក្ខពួកម្នាក់ទៀត ឈ្មោះ កៀង វ័ន ហៅ ឃ្លី ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង (អនុវត្តន៍តាមដីកា) និងជាមុខសញ្ញាចាស់ចេញពីពន្ធនាគារ ពាក់ព័ន្ធប្រព្រឹត្តល្មើសជាច្រើនករណី ដូចជានៅឆ្នាំ២០១៤ ធ្លាប់ជាប់ពន្ឋនាគារពីបទ កាច់សោរម៉ូតូយ៉ាងសកម្ម និងជួញដូរគ្រឿងញៀន និងឆ្នាំ២០១៧ បានជាប់ពន្ឋនាគារម្ដងទៀត ករណី ជួញដូរគ្រឿងញៀន។ ហើយបន្ទាប់មក នៅយប់ ថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២០ បានធ្វើសកម្មភាព បាញ់ប្រហារ មកលើសមត្ថកិច្ច យើងធ្វើអោយរបួសនគរបាល ០១ នាក់ ហើយមានដីកាអោយនាំខ្លួន ពីបទ.ប៉ុនប៉ងឃាតកម្ម ប្រើប្រាស់អាវុធខុសច្បាប់ និងជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ។
ជនសង្ស័យទាំង០៤ នាក់បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើល្មើសខាងលើពិតប្រាកដមែន បច្ចុប្បន្ន ជំនាញកំពុងរៀបចំសំណុំរឿងចាត់ការ តាមនីតិវិធីច្បាប់៕