ក្ដៅៗ! ខេត្តកណ្ដាល រកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន២៤៩នាក់ ក្នុងនោះ១០៦នាក់ ឆ្លងក្នុងពន្ធនាគារ

0

ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល នៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២៤៩នាក់បន្ថែមទៀត ក្នុងនោះមានអ្នកជំងឺចំនួន១០៦នាក់ ត្រូវបានរកឃើញថាឆ្លងក្នុងពន្ធនាគារ និងមានករណីជាសះស្បើយ មានចំនួន ៨៤នាក់។

បើយោងតាមរបាយការណ៍ នាយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា «អាជ្ញាធរ និងមន្រ្តីសុខាភិបាល រកឃើញទណ្ឌិត មានវិជ្ជមានចំនួន ១០៣នាក់ ហើយ៣នាក់ទៀត ជាមន្ត្រីពន្ធនាគារនេះតែម្ដង»។

របាយការណ៍បានបញ្ជាក់ទៀតថា «គេពុំទាន់ស៊ើបដឹងច្បាស់ថា តើពួកគេឆ្លងជំងឺនេះតាមរយ:ណានោះទេ រីឯអ្នកជំងឺត្រូវបានក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តកណ្ដាល បានថែទាំយកចិត្តទុកដាក់ ផ្ដល់ថ្នាំសង្កូវដល់ក្នុងពន្ធនាគារតែម្ដង ដើម្បីការពារមិនឱ្យពួកគាត់ចេញទៅព្យាបាលនៅខាងក្រៅឡើយ»។

ក្រោយរកឃើញថា មានវិជ្ជមានភ្លាម មន្ត្រីពន្ធនាគារបានខ្នះខ្នែងរៀបចំការបែងចែកទីតាំងសម្រាប់ព្យាបាល និងរៀបចំការពារទណ្ឌិតផ្សេងទៀតមិនឱ្យមានការឆ្លងបន្តទៀតនោះទេ ពោលគឺអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងន័យបញ្ចៀសការឆ្លងដល់ទណ្ឌិតដទៃទៀត៕