ភ្នំពេញ៖ ផ្ដើមចេញពីរឿងគំនុំចាស់ បុរសម្នាក់ត្រូវជនសង្ស័យ ២នាក់ យកដងឆ័ត្រវាយរហូតដល់ដេកស្លាប់ ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។
កាលពីព្រឹកថ្ងៃទី២៥ ឧសភា មានករណីប្រទះឃើញបុរសម្នាក់ អាយុប្រហែល ៣០ឆ្នាំ ដេកស្លាប់ ដោយសភាពជនរងគ្រោះបែកក្បាល និងបាក់ជើង សង្ស័យតែករណីឃាតកម្ម ដែលស្ថិតនៅក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ។
ក្រោយទទួលបានដំណឹងនេះ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ២៥ ខែឧសភានេះ បានចាប់ខ្លួនជនសង្ស័យ ២នាក់ និងដកហូតម៉ូតូផាស់អាប់ ១គ្រឿង ។
បើតាមប្រភពពីពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុនោះ បានឲ្យដឹងថា នៅវេលាម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ឧសភា ពួកគាត់បានលឺសូរសំឡេងស្រែក ឈ្លោះប្រកែកគ្នា ស្រាប់តែព្រឹកឡើង ក៏ប្រទះឃើញមានសពដេកស្លាប់ ក្នុងថ្លុកឈាមតែម្ដង ៕