ភ្នំពេញ៖ កងរាជអាវុធហត្ថ បាននិងកំពុងធ្វើការស្រាវជ្រាវ ស្វែងរកបុគ្គលសង្ស័យឈ្មោះ ស្រ៊ន ពេជ្ររស្មី អត្តលេខ១៥៩២១៨ ឋានន្តរសក្តិ អនុសេនីយ៍ទោ មុខងារ សមាជិកនៃកងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីអនុវត្តតាមច្បាប់។ការប្រព្រឹត្តអំពើល្មើសច្បាប់ មិនអាចលើកលែងឱ្យទេ ត្រូវតែធ្វើការស្រាវជ្រាវស៊ើបអង្កេត តាមចាប់ខ្លួន បុគ្គលដែលប្រព្រឹត្តល្មើស។
តាមសេចក្តីរាយការណ៍ របស់លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ឱ្យដឹងថា នៅវេលាម៉ោង០៧:៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ស្រ៊ន ពេជ្ររស្មី បានយកកាំបិតចុងស្រួច ចាក់ទៅលើប្រពន្ធ ដែលបានលែងលះគ្នា តាមសាលក្រមលេខ១៨(ក)ចុះថ្ងៃទី១៧-៥-២០២១ និងសំណុំរឿងរដ្ឋប្បវេណីលេខ៨០ ចុះថ្ងៃទី០៦-៤-២០២១របស់សាលាដំបូងខេត្តកំពង់ធំ បណ្តាលឱ្យរបួសចំនួន៥កន្លែង(ដៃឆ្វេង២កន្លែង ,ដៃស្តាំ២កន្លែង និងកញ្ចឹងក១កន្លែង) ។ មូលហេតុប្រច័ណ្ឌ ដោយខឹងប្រពន្ធសុំលែង។ ក្រោយពីទទួលបានព័ត៌មាន ម៉ោង០៧និង៥០នាទីថ្ងៃទី២៣-៥-២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសណ្តាន់ បានតាមចាប់ឈ្មោះ ស្រ៊ន ពេជ្ររស្មី ដែលរត់គេចខ្លួនចូលព្រៃចម្ការ ហើយដោយភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ជាតំបន់សំបូរទៅដោយចម្ការស្វាយចន្ទីរ ចម្ការកៅស៊ូ និងព្រៃរបោះ ធ្វើឱ្យជនល្មើសគេចខ្លួនបាត់ ។
នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍បញ្ជាក់ថា បុគ្គលដែលប្រព្រឹត្តខុសច្បាប់ គឺមិនអាចអត់ឱនឲ្យបាននោះទេ ពោលត្រូវតែស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ជាធរមាន។