ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង ចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអត្តសញ្ញាណ អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ០៧នាក់ ដែលទើបរកឃើញនៅ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៤ រួមមាន ស្រុកព្រះស្តេច ចំនួន២នាក់ ស្រុកពារាំង ចំនួន៣នាក់ ស្រុកពាមជរ ចំនួន១នាក់ និងស្រុកកញ្ជៀច ចំនួន១នាក់។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុក របស់ពួកគេ និងមានម្នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ដែលមកពីស្រុកពាមជរ។ រីឯ ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់ អ្នកវិជ្ជមានកូវីដ-១៩ ទាំង៧នាក់ ត្រូវបានបង្ហាញ នៅលើរូបថតរបស់ពួកគាត់។
តាមរយៈសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ និងប្រយោលជាមួយអ្នកកើតជំងឺកូវីដ-១៩នេះ ប្រញាប់រួសរាន់ ទៅផ្ដល់វត្ថុសំណាក នៅមន្ទីរពេទ្យដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ តាមការណែនាំ របស់ក្រសួងសុខាភិបាល (៣ការពារ ៣កុំ)។