ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរុះរើ ស្លាកសញ្ញាផ្សព្វផ្សាយ ពាណិជ្ជកម្មស្រាបៀ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ។
យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថាកន្លងមកនេះ រដ្ឋបាលខេត្តកំពង់ស្ពឺបាន បានសង្កេតឃើញថា មានការតម្លើ់ង ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀ ជាច្បើននៅតាមបណ្ដា ចិញ្ចើមផ្លូវសាធារណៈនានា ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ដែលបានធ្វើអោយបាត់បង់នូវសោភណ្ឌភាព សេចក្ដីថ្លៃថ្នូរ របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។
រដ្ឋបាលខេត្តបញ្ជាក់ថា «ដើម្បីមានសណ្ដាប់ធ្នាប់ របៀបរៀបរយ ជាពិសេសលើកកម្ពស់សេចក្ដីថ្លៃថ្នូរ និងរក្សាបានសោភណ្ឌភាព នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្ត សូមស្នើឱ្យ ម្នាស់អាជីវកម្មទាំងអស់ ក្រុមហ៊ុនចែកចាយស្រាបៀទាំងអស់ ដែលមានការដាក់តាំងផ្សព្វផ្សាយ ពាណិជ្ជកម្មស្រាបៀ នៅខាងមុខហាង ឬជាយីហោហាងគ្រប់ប្រភេទ ដែលបានដាក់តាំងផ្សព្វផ្សាយ នៅលើចិញ្ចើមផ្លូវសាធារណៈ ដែលច្បាប់អនុញ្ញាតបានកំណត់ ត្រូវធ្វើការរុះរើចេញជាបន្ទាប់ ដោយទុករយៈពេល ០១សប្ដាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»។
ក្នុងករណីផុតកាលបរិច្ឆេទកំណត់ខាងលើ គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាកស្រាបៀ ដែលពុំទាន់បានធ្វើការរុះរើ រដ្ឋបាលខេត្តនឹងចាត់វនិតិវិធីរដ្ឋបាលធ្វើការរុុះរើ ដោយបន្ទុកចំណាយ និងរាល់ការខូចខាតគ្រប់ម្ចាស់អាជីវកម្មទាំងអស់ ជាអ្នកទទួលខុសត្រូវ។
ជុំវិញករណីនេះ លោកឧកញ៉ា ម៉ុងឬទ្ធី ក៏បានបង្ហាញនូវសារគាំទ្រ យ៉ាងពេញទំហឹងចំពោះចំណាត់ការនេះផងដែរ។
លោកឧកញ៉ា ម៉ុងឬទ្ធី បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា « រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំឃេីញនៅតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook) ចុះផ្សាយព្រោងព្រាត ដោយគាំទ្រ ចំណាត់ការឯកឧត្ដមអភិបាល គណៈអភិបាលខេត្តកំពង់ស្ពឺ ដាក់បញ្ជាឲ្យរុះរើស្លាកសញ្ញា ផ្សព្វផ្សាយពាណិជ្ជកម្ម លក់គ្រឿងស្រវឹងគ្រប់ប្រភេទ រូបខ្ញុំផ្ទាល់ក៏គាំទ្រចំណាត់ការនេះ ដូចប្រិយមិត្តយេីងផងដែរ។ ដោយសារតែខ្ញុំសង្កេតឃេីញថា នៅតាមដងផ្លូវជាច្រេីន មានដាក់ប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មនេះវា ស្កេះស្កះខ្លាំងពេក ដូច្នេះហើយបានជាកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ កន្លងផុតទៅនេះ ក្នុងពិធីបេីកការដ្ឋាន ស្ថាបនាផ្លូវប្រវែង៥.៩០០ម៉ែត្រ ចាក់ក្រាលកៅស៊ូ DBST ទទឹង៧ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ១៣០មក ដល់ផ្លូវ បំបែកវត្តបឹងខ្នា ភូមិសំរោងជេីងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ខ្ញុំបានសំណូមពរយ៉ាងទទូច សុំ ឲ្យប្រជាពលរដ្ឋរុះរើស្លាកសញ្ញា ផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គ្រប់ប្រភេទ ចេញពីមុខផ្ទះ របស់ពួកគាត់ ទេីបខ្ញុំយល់ព្រម សាងសង់ផ្លូវនេះពួកគាត់ ជូនតាមការស្នេីសុំ» ៕