ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ធ្វើការស្រាវជ្រាវ បំភ្លឺករណី វិវាទរវាងអ្នកលក់និងអ្នកទិញដី មួយកន្លែង ដែលឈានដល់ការប្រើហិង្សា វាយបំផ្លិចបំផ្លាញ បង្គោលព្រំដីស្រែ អស់ ៦៣ ដើម។
ការដាក់បទបញ្ជានេះ ធ្វើឡើង បន្ទាប់ពីមានការបង្ហោះនូវ វីដេអូ ព្រោងព្រាត អំពីករណីខាងលើ នេះនៅលើបណ្ដាញសង្គម។
យោងតាមស្នងការនគរបាលខេត្តកណ្ដាល បានឱ្យដឹងថា ជាលទ្ធផល៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានស្រាវជ្រាវបំភ្លឺឲ្យដឹងថា៖ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១០និង២២នាទី ឈ្មោះ ហេង សុខណាង បានទូរសព្ទមកប្តឹងសមត្ថកិច្ចថាឈ្មោះ សឿន ចំរើន និងបក្ខពួក បានមកវាយបំផ្លិចបំផ្លាញ បង្គោលព្រំដីស្រែរបស់ខ្លួន នៅចំណុចភូមិស្រែកណ្តោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលម្កាក់ និងអាជ្ញាធរ ភូមិឃុំ ចុះទៅដល់កន្លែងកើតហេតុដើម្បីការពារកុំឱ្យមានអំពើហិង្សា និងហាមឃាត់ កុំឱ្យវាយបំផ្លិចបំផ្លាញ តទៅទៀត ហើយសំណូមពរ ភាគីទាំងសងខាង ឱ្យមកដោះស្រាយគ្នា នៅសាលាឃុំម្កាក់ ឬសាលាស្រុកអង្គស្នួល ប៉ុន្តែភាគីខាងឈ្មោះ សឿន ចំរើន មិនព្រមស្តាប់សមត្ថកិច្ច ហើយស្រែកឡូឡា បញ្ជាឱ្យកូនចៅ ថតសមត្ថកិច្ច ហើយទាមទារឱ្យ សមត្ថកិច្ចនិងអាជ្ញាធរ ដោះស្រាយឱ្យខ្លួន នៅកន្លែងកើតហេតុឱ្យចប់រឿង។
បន្ទាប់មកលោកអធិការ បញ្ជាឱ្យដកកម្លាំង ត្រឡប់មកអង្គភាពវិញ លុះដល់វេលាម៉ោង ១៤និង០០នាទី ថ្ងៃដដែល ឈ្មោះ ម៉េង សុខណាង បានមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាន នគរបាលស្រុកអង្គស្នួល ប្តឹងទៅលើឈ្មោះ សឿន ចំរើន និងបក្ខពួក ពីបទ ធ្វើឱ្យខូចខាតដោយេេចតនា ដែលបានវាយបំផ្លាញបង្គោលរបងថ្ម កើតហេតុ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៦ និង ០០ នាទី នៅចំណុចវាលស្រែ ភូមិស្រែកណ្តោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ខូចខាតបង្គោលថ្ម ដាំតាមព្រំដីមានចំនួន ៦៣ ដើម។
យោងតាមពាក្យបណ្តឹងឈ្មោះ ហេង សុខណាង ទេីបអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ធ្វេីលិខិតកោះហៅ ឈ្មោះ សឿន ចំរើន ឱ្យចូលខ្លួនមកបំភ្លឺរឿងផ្ទាល់ខ្លួន (ពាក់ព័ន្ធករណីធ្វេីឱ្យ ខូចខាតដោយចេតនា) នៅអធិការដ្ឋាននគរបាលស្រុក នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៨.៣០នាទី ប៉ុន្តែសាម៉ីខ្លួនមិនព្រមចូលខ្លួន តាមការកោះនោះទេ។
សន្និដ្ឋាន៖ ចំពោះករណីនេះផ្តេីមចេញពីវិវាទដីធ្លី ទេីបឈ្មោះ សឿន ចំរេីន និងបក្ខពួក នាំគ្នាវាយបំផា្លញបង្គោលថ្ម របស់ឈ្មោះ ម៉េង សុខណាង បណ្តាលឱ្យខូចខាត អស់ចំនួន ៦៣ដេីម។
ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿង តាមនីតិវិធី បញ្ជូនទៅតុលាការ។
ចំពោះភាគីអ្នកទិញឈ្មោះ ហេង សុខណាង ក៏បានដាក់ពាក្យបណ្តឹងទៅតុលាការរួចហេីយដែរ៕