ភ្នំពេញ៖ ក្មេងប្រុសអាយុ១ខួប៣ខែម្នាក់ បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីពេទ្យ ខណ:កំពុងឈរបៅទឹកដោះគោ នៅក្បែរចិញ្ចើមផ្លូវ ត្រូវបុរសម្នាក់ ដែលគេស្គាល់ថា ជាមេធាវីបើករថយន្តថយក្រោយ ចេញពីការិយាល័យមេធាវី ព្រះខ័នជ័យ កិន កាលពីវេលាម៉ោង១៩ យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅចំណុចមុខការិយាល័យមេធាវី ព្រះខ័នជ័យ ផ្លូវបេតុង ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភព ព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនកើតហេតុ គេឃើញរថយន្ត ម៉ាកឡិចស៊ីស Rx៣៣០ មួយគ្រឿងដោយមិនបញ្ជាក់ស្លាកលេខ បើកបរដោយបុរសម្នាក់ ដែលគេស្គាល់ថា ជាមេធាវី នៅការិយាល័យមេធាវី ព្រះខ័នជ័យ ដោយបើករថយន្ត ថយក្រោយ ចេញពីការិយាល័យ ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យកិន ក្មេងប្រុសអាយុ១ខួប៣ខែម្នាក់ ខណ:កំពុងឈរបៅទឹកដោះគោ នៅក្រោយរថយន្ត បណ្តាលកិនចំកង់ ខាងក្រោយពេញទំហឹង ភ្លាមនោះម្តាយក្មេងរងគ្រោះ ឃើញកូនស្តូកស្តឹង នៅក្នុងថ្លុកឈាម ក៏បានយកកូនដឹក តាមម៉ូតូ ទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ តែអកុសលកូនរបស់គាត់ ត្រូវបានស្លាប់ ពាក់កណ្តាលផ្លូវ រួចដឹកកូនយកមកកន្លែង ស្នាក់វិញនៅ រួចអុចធូប ទៀន ដើម្បីជូនដំណើរកូនទៅកាន់សុគតិភព ហើយបានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យ នៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ដោយខាងភាគីបង្ក សូមធ្វើការសម្របសម្រួលគ្នា ជាមួយភាគីរងគ្រោះ ដោយមានការព្រមព្រៀងគ្នា ដោយខាងភាគីរងគ្រោះ បានទាសំណងចំនួន៤៥០០ដុល្លារ បន្ទាប់មកខាងភាគីបង្ក បានប្រគល់លុយ ឲ្យគ្រប់ចំនួន ដើម្បីបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុ។ ដោយឡែកសពក្មេងរងគ្រោះ ឪពុកម្តាយរៀបចំ ធ្វើបុណ្យតាមប្រពៃណី ៕