ការបាត់បង់ជីវិតស្វាមីនិងភរិយា ក្នុងថ្ងៃតែមួយ បណ្តាលមកពីជំងឺកូវីដ-១៩ បានពញ្ញាក់ស្មារតី យើងថាពេលត្រឡប់ មកផ្ទះវិញ សូមកុំនាំ វីរុសចង្រៃនេះចូលផ្ទះឱ្យសោះ

0

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថាបន្ទាប់ពីជួបប្រទះ ការបិទខ្ទប់រួចមក យើងចង់ត្រឡប់ ទៅជីវិតធម្មតាវិញ ប៉ុន្តែវីរុសកូវីដ-១៩ កំពុងតែចរាចរ យ៉ាងទូលំទូលាយ នៅក្នុងប្រទេស ដូច្នេះយើងត្រូវតែអនុវត្តជីវិត ធម្មតា របស់យើងឱ្យទៅជាធម្មតា បែបគន្លងថ្មីមួយ ក្នុងការការពារ ការចម្លងវីរុសកូវីដ-១៩ សម្រាប់បុគ្គល សម្រាប់ក្រុមគ្រួសារ និងសម្រាប់សហគមន៍ ប្រសិនបើយើងមិនចង់ឱ្យ មាននៃការបើក និងបិទខ្ទប់ ចុះឡើងៗវិញនោះទេ។

តាមរយៈអត្ថបទក្រើនរំលឹក នៅថ្ងៃទី២៣ ឧសភានេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ការបាត់បង់ជីវិត នៃស្វាមីនិងភរិយា បណ្តាលមកពីជំងឺកូវីដ-១៩ ក្នុងថ្ងៃតែមួយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ គឺបានពញ្ញាក់ស្មារតី និងបានក្រើនរំលឹកយើងទាំងអស់គ្នា ច្បាស់ណាស់ថា កូនៗក្តី ក្រុមគ្រួសារក្នុងផ្ទះ ជាមួយក្តីនិង ស្វាមី-ភរិយា ក្តីចាំបាច់ណាស់ ដែលត្រូវតែការពារខ្លួន រាល់ពេលដែលចេញក្រៅផ្ទះ ហើយត្រូវចងចាំថា ពេលត្រឡប់មកផ្ទះវិញ សូមកុំនាំវីរុសចង្រៃនេះ ចូលផ្ទះឱ្យសោះ ដើម្បីចៀសវាងឱ្យបាន នូវការចម្លងបន្តគ្នា ដោយអនុវត្តវិធានការ “៣ការពារ និង៣កុំ” ដែលអាចជួយយើងបាន ឱ្យរួចផុតពីទុក្ខភ័យ និងការបាត់បង់សមាជិកគ្រួសាររបស់យើង។

លោកស្រីបញ្ជាក់បន្ថែមថា “ប្រសិនបើប្រញាប់ប្រញាល់ ធ្វើសកម្មភាពប្រចាំថ្ងៃ របស់បុគ្គលម្នាក់ៗ និងជាពិសេស ការបើកប្រកប របររកស៊ីទទួលទាន ឡើងវិញ តាមបែបធម្មតា ដូចកាលពីមុនមិនទាន់ មានបញ្ហារាតត្បាតជំងឺកូវីដ-១៩ ដោយមិនបានត្រៀម លក្ខណ:ឱ្យស្របតាមបរិបទ “ធម្មតា តាមបែបគន្លងថ្មី” ដើម្បីការពារការចម្លងជំងឺកូវីដ-១៩នេះ ឱ្យបានត្រឹមត្រូវទុកជាមុនទេនោះ មិនយូរមិនឆាប់យើង នឹងនាំមកនូវការវិលត្រឡប់ នៃការឆ្លងរាតត្បាត និងការបិទខ្ទប់ នៅថ្ងៃណាមួយឡើងវិញ ជាមិនខានឡើយ។ សូមមេត្តាចងចាំ ត្រង់ចំណុចនេះ”។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ ទី២២ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប ២៤,៦៤៥នាក់ អ្នកជាសះស្បើយ ១៧ ,១៦៤នា ក់ និងមានអ្នកស្លាប់១៦៧នាក់ ៕