ឃាត់ខ្លួន​ជនសង្ស័យ ​១២​នាក់​ ពាក់ព័ន្ធករណី ស្ទាក់វាយប្លន់យកម៉ូតូ​

0

ភ្នំពេញ៖​ កម្លាំងនគរបាលព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាននគរបាល​ខេត្តកំពង់ចាម​ បានស្រាវជ្រាវបង្ក្រាបក្រុម​ជនសង្ស័យ​ក្នុងករណីលួចមានស្ថានទម្ងន់ទោស​ (​ស្ទាក់វាយប្លន់យកម៉ូតូ​)​ នៅ​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៨​ និង​១៥​ នាទី​ នៅ​ភូមិ​បា​ធា​យ​ឃុំបា​ធា​យ ស្រុកបា​ធា​យ​ ខេត្តកំពង់ចាម​ ។​

​សមត្ថកិច្ចបានឲ្យដឹងថា​ បន្ទាប់ពីទទួលបានព័ត៌មាន​ខាងលើ​លោកឧត្ដមសេនីយ៍ទោ​ ឯម​ កុសល ស្នងការនគរបាលខេត្តកំពង់ចាម​បានដាក់បទបញ្ជា​ដល់​ កម្លាំងជំនាញរបស់ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ហេង​ វុទ្ធី​ ស្នងការរងទទួលផែន​ការងារនគរបាលព្រហ្មទណ្ឌ​និងលោកវរសេនីយ៍ឯក​ ថា​ញ់​ សុខវុន​ នាយការិយាល័យ​នគរបាលស្រាល​ និងកម្លាំងជំនាញ​របស់អធិការដ្ឋាន​នគរបាលស្រុកបា​ធា​យ​ ដឹកនាំដោយលោកវរសេនីយ៍ឯក​ សំ​ ណា​ល់​អធិការនគរបាលស្រុកបា​ធា​យ​ សហការជាមួយកម្លាំងជំនាញ​របស់ការិយាល័យ​នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់​ នៃ​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ​ ដោយក្នុងកិច្ចប្រតិបត្តិការ​ ក្រោមការដឹកនាំ​សម្របសម្រួលនីតិវិធី​ដោយលោក​ ហាក់ ហ៊ាន់​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការអមសាលាដំបូង​ខេត្តកំពង់ចាម​ ។​

​ជា​លទ្ធផល​នៃ​ប្រតិបត្តិការ​ខាងលើ​ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១២​នាក់​ ដកហូត​វត្ថុ​តាង​រួម​មាន​ ៖​ ម៉ូតូ​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ ចំនួន​០៤​គ្រឿង​ និង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ ចំនួន​០១​គ្រឿង​ ។​

​បន្ទាបពីទទួលបាន ឆ្លើយសារភាពថា​កន្លង​មកពួកខ្លួន​ធ្លាប់ធ្វើ​សកម្មភាព​ដេញស្ទាក់​វាយប្លន់យកម៉ូតូ​ នៅ​ក្នុងភូមិសាស្ត្រ​ស្រុកបា​ធា​យ និងស្រុកជើងព្រៃ​ បានចំនួន​០២​លើក​គឺ ៖

-​លើកទី​១​ ៖​នៅ​ថ្ងៃ​ទី​៨​ ខែឧសភា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​២២​ និង​០០​នាទី​ នៅ​ចំណុចតាមផ្លូវក្បែ​រោងចក្រ​ជូ​ហួយ​ស្ថិតក្នុងភូមិរវាង​ ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម​ ។​

-​លើកទី​២​ ៖​នៅ​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៨​ និង​១៥​នាទី​ នៅ​ចំណុច​តាមផ្លូវជាតិលេខ​៦​ ស្ថិតនៅ​ក្នុងភូមិបា​ធា​យ​ ឃុំបា​ធា​យ​ ស្រុកបា​ធា​យ​ខេត្តកំពង់ចាម​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១២​នាក់​ រួមនឹងវត្ថុតាងខាងលើ​ ត្រូវបានបញ្ជូនទៅ​កាន់សាលាដំបូង​ខេត្តកំពង់ចាម​ដើម្បីចាត់កា​រតាមនីតិវិធី​ ៕