បញ្ចប់តួនាទី នាយករងសាលាក្រុងច្បារមន ម្នាក់ ក្រោយទាត់អីវ៉ាន់ក្មេងស្រី នៅផ្សារកំពង់ស្ពឺ

0

ភ្នំពេញ៖ រដ្ឋបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ខែឧសភានេះ បានសម្រេចបញ្ចប់តួនាទីលោក ឡាក់ ប៊ុនធីម ពីនាយករងរដ្ឋបាលសាលាក្រុងច្បារមន មកជាមន្ត្រីនៃក្រុងច្បារមក ក្រោយមន្រ្តីរូបនេះបានទាត់ថាសព្រីង ក្មេងស្រីម្នាក់កំពប់ ហើយត្រូវគេចែកចាយលើបណ្តាញសង្គម។

សូមរំលឹកថា ថ្មីៗនេះ ក្មេងស្រីរងគ្រោះឈ្មោះ រី រក្សា អាយុ១៣ឆ្នាំ រស់នៅសង្កាត់ក្រវ៉ាន់ ក្រុងច្បារមន ត្រូវបានលោក ឡាក់ ប៊ុនធីម ទាត់ថាសព្រីងកំពប់ ដោយលើកហេតុផលថា នាងលក់ព្រីងនៅតំបន់ហាមឃាត់។

ជុំវិញករណីនេះ លោក វុី សំណាង បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត មិនគាំទ្រចំពោះទង្វើរបស់មន្ត្រី ដែលយកតួនាទីភារកិច្ច ទៅអនុវត្តខុសវិជ្ជាជីវៈ ខុសក្រមសីលធម៌ រហូតធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់ស្រក់ ទឹកភ្នែកនោះឡើយ។

លោក វុី សំណាង បានបញ្ចាក់ថា ក្នុងន័យនេះខ្ញុំ ក៏សូមអំពាវនាវយ៉ាងទទូចដល់ពុកម៉ែមាមីងបងប្អូនទាំងអស់​ដែលប្រកបរបររកទទួលទាន សូមមេត្តាស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីធ្វើយ៉ាងណា​យើងអាចរក្សាបាននូវសណ្ដាប់ធ្នាប់​សាធារណៈ ដែលបង្កឡើងដោយភាពអាណាធិបតេយ្យ របស់បងប្អូនយើងមួយចំនួនតូច៕