ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺសំណូមពរដោយទទូចសូមឱ្យបងប្អូនដែលជាសះស្បើយ នៅថ្ងៃនេះបន្តធ្វើច័ត្តឡីស័ក នៅផ្ទះរបស់ខ្លួនឯងរយៈពេល ១៤ថ្ងៃជាកំហិត ក្នុងករណីមានការសង្ស័យ សូមប្រញាប់ ផ្ដល់ព័ត៌មាន មកអាជ្ញាធរឬក៏សេវាសាធារណៈ របស់រដ្ឋដែលនៅជិតបំផុត។
ការសំណូពរនេះ ធ្វើឡើងក្រោយពីមានអ្នកជំងឺកូវីដ១៩ បានជាសះស្បើយជាបន្តបន្ទាប់ និងដោយឡែកនៅថ្ងៃនេះ មានអ្នកជំងឺចំនួន៨នាក់ នៅខេត្តកំពង់ស្ពឺ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាត អោយត្រឡប់ទៅផ្ទះវិញ ក្រោយព្យាបាលជាសះស្បើយ តែត្រូវបន្តធ្វើច័ត្តឡីស័ក នៅផ្ទះរបស់ខ្លួនឯងរយៈពេល ១៤ថ្ងៃជាកំហិត។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺបានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមចូលរួមអបអរសាទរជាមួយបងប្អូនអ្នកខេត្តកំពង់ស្ពឺរបស់យើង!!! ថ្ងៃនេះ( ១៩-៥-២០២១ ) យើងមានអ្នកជាសះស្បើយពីជំងឺ កូវីដ១៩ ចំនួន៨នាក់ទៀត ក្នុងចំណោមអ្នកឈឺ២៧៧នាក់»៕