ភ្នំពេញ៖ មនុស្ស១១នាក់ បានស្លាប់ជាបន្ដបន្ទាប់ រហូតដល់ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ដែលសង្ស័យថាពុលស្រាស ក្រោយពួកគាត់នាំគ្នាលួចផឹកកំដរពិធីបុណ្យសពមួយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១កន្លងទៅ។ ទីតាំងកើតហេតុស្ថិតនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។ នេះបើយោងតាម Fresh News ។
លោក កន សុកកាយ អភិបាលស្រុកល្វាឯម បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះថា មានប្រជាពលរដ្ឋមួយប្រមាណ២០នាក់ បានលួចទៅទិញស្រាសពីតូបលក់ចាប់ហួយ និងតៀមស្រា ហើយនាំគ្នាលួចផឹកនៅក្នុងពិធីបុណ្យសព បើទោះបីជាអាជ្ញាធរធ្លាប់ប្រកាសក្ដែងៗរួចមកហើយពីការផ្អាកលក់ស្រា និងផ្អាកលួចផឹកស្រាយ៉ាងណាក្ដី។
លោកបញ្ជាក់ទៀតថា ករណីលួចលក់ស្រានេះដែរ អាជ្ញាធរបានចុះទៅប្រមូលស្រាសទាំងអស់ពីតូបប្រមាណ២០នៅតាមមូលដ្ឋាន ដើម្បីយកទៅពិនិត្យ ហើយមន្ត្រីកាំកុងត្រូល បានអះអាងបឋមថា រកឃើញជាតិមេតាណុលលើសកម្រិតនៅក្នុងស្រាស ទើបដាក់ការសង្ស័យថា មកពីសារធាតុនេះទើបបង្ក ឲ្យមនុស្សពុលស្លាប់ ហើយនៅរង់ចាំលទ្ធផលច្បាស់ការណ៍ពីមន្ទីរពិសោធន៍នៅភ្នំពេញ។
រីឯម្ចាស់តូបលួចលក់ទាំងអស់ ត្រូវបានធ្វើកិច្ចសន្យាបញ្ឈប់ការលួចលាក់លក់ស្រា អំឡុងពេលវិធានការកូវីដ១៩នេះ បើសិនហ៊ានលួចលក់ទៀត នឹងចាត់ការតាមផ្លូវច្បាប់មិនខាន ហើយទីតាំងផលិតស្រាសទាំងអស់ ក៏ត្រូវបានចុះពិនិត្យ និងណែនាំ ព្រមទាំងបានផ្អាកបណ្ដោះអាសន្នសិន។ ក្នុងករណីរកឃើញ នោះអាជ្ញាធរនឹងចាត់ការតាមផ្លូវច្បាប់មិនខានឡើយ។
លោកអភិបាលស្រុកបានបញ្ជាក់ថា ការស្លាប់របស់ពួកគាត់មានជាបន្តបន្ទាប់ អាស្រ័យលើស្ថានភាពសុខភាពរបស់ពួកគាត់ ពោលអ្នកស្លាប់ភាគច្រើនអាយុ៥០ឆ្នាំជាង ដែលពួកគាត់ភាគច្រើនជាអ្នកនេសាទ ហើយជាក្រុមញៀនស្រា ដុះមេ ដោយតែងតែលួចផឹកស្ងាត់ៗ ខណៈអាជ្ញាធរបានធ្វើការណែនាំជារឿយៗ ស្ដីពីការផ្អាកលក់ស្រា ផ្អាកផឹកស្រា ប៉ុន្តែពួកគាត់លួចផឹកស្ងាត់ៗ និងលួចលក់ស្ងាត់ៗ ដែលកត្តានេះជាការលំបាកបំផុត ព្រោះពួកគាត់មិនសហការជាមួយអាជ្ញាធរឡើយ។
លោក កន សុកកាយ អភិបាលស្រុកល្វាឯម បានបញ្ជាក់ទៀត ក្រោយស្លាប់ភ្លាម មន្ត្រីសុខាភិបាលបានចុះមកយកសំណាកពិនិត្យភ្លាមៗផងដែរ ក្រែងលោស្លាប់ដោយសារកូវីដ ប៉ុន្តែជាលទ្ធផលគឺ អវិជ្ជមាន។ លោកក៏បានរៀបចំប៉ុស្តិ៍សុខភាពមួយនៅភូមិកើតហេតុតែម្ដង ដើម្បីជាភាពងាយស្រួលដល់អ្នកដែលដឹងខ្លួនថា ធ្លាប់បានផឹកស្រាសកន្លងមក ត្រូវរួសរាន់ស្ម័គ្រចិត្តមកពិនិត្យសុខភាពឲ្យបានរួសរាន់ ចៀសវាងកើតមានបញ្ហាធំទើបរត់រកពេទ្យ៕












