ភ្នំពេញ៖ នាយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មានបុរសម្នាក់ប្រើប្រាស់គ្រឿងញៀន លើសកម្រិតរហូត បាត់បង់ស្មារតី (បែកថ្នាំ) បានសម្រុកផ្លោះរបង ចូលក្នុងមណ្ឌលសម្រាក ព្យាបាលជំងឺកូវីដ-១៩ វិទ្យាល័យ ជា ស៊ីម សាមគ្គី នៅតាមបណ្តោយផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រូពេទ្យដែលប្រចាំការ ក្នុងមណ្ឌល រហូតដល់ កម្លាំង គ-អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងការពារនៅទីតាំងនោះផ្ទាល់ នាំគ្នាដេញចាប់បុរសរូបនោះ រហូតបានសម្រេច។
ប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យ របស់សមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ក្នុងសម័យកូវីដ-១៩ ពិតជាមានការលំបាកណាស់ ព្រោះសមត្ថកិច្ច មិនអាចស្មានដឹងថា ជនណាម្នាក់មានផ្ទុកជំងឺកូវីដនោះឡើយ ហេតុដូច្នេះហើយ ដើម្បីសុវត្ថិភាព ដល់កងកម្លាំង ដែលអាចប្រឈម ជាមួយការឆ្លងមេរោគគ្រប់ជំហាន មុនពេលចូលចាប់ជនណាម្នាក់ អាវុធហត្ថរាជធានីភ្នំពេញត្រូវស្លៀកសម្លៀកបំពាក់ការពារមេរោគផង ពាក់កំបាំងមុខផង ពាក់ម៉ាសផង ពាក់ស្រោមដៃផង និងត្រូវប្រើសម្ភារៈជំនួយក្នុងការចាប់ផងទើបហ៊ានចូលចាប់ជនទាំងនោះ។ ចំណែកសម្លៀកបំពាក់ការពារមេរោគដែលបានប្រើរួចហើយ មិនអាចប្រើម្តងទៀតបានទេគឺត្រូវតែបោះចោល ដែលជាផលវិបាក មួយផ្នែកបន្ថែមទៀត។
ជាក់ស្តែងដូចបុរសបែកថ្នាំខាងលើ ដែលមានឈ្មោះ វ៉ា អាយុ៣១ឆ្នាំ អាស័យដ្ឋានរស់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងគ-អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ដេញចាប់ដោយប្រុងប្រយ័ត្ន និងបានពិនិត្យ សំណាកឃើញថា ពុំមានសញ្ញាណវិជ្ជមានកូវីដ-១៩ ក៏បានបញ្ជូនទៅមជ្ឈមណ្ឌលកែប្រែ ផ្តាច់សារធាតុញៀន ឱកាសខ្ញុំ តាមការណែនាំ របស់គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញតែម្តង ៕