មេបក្សយុវជនកម្ពុជា ក្រើនរំលឹកពលរដ្ឋ ឱ្យបន្តប្រុងប្រយ័ត្នពីកូវីដ១៩ ទោះបីតំបន់ក្រហម ត្រូវបានរួមតូច

0

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានក្រើនរំលឹកប្រជាពលរដ្ឋ ឱ្យបន្តការប្រុងប្រយ័ត្ន ចំពោះការឆ្លងរីករាលដាល សារជាថ្មី នូវជំងឺកូវី១៩ ទោះបីតំបន់ក្រហម ត្រូវបានប្រែក្លាយទៅជាតំបន់លឿងទុំ ឬតំបន់លឿងក៏ដោយ។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ លោក ពេជ្រ ស្រស់ បានលើកឡើងថា «ការប្រែតំបន់ក្រហម ទៅតំបន់លឿងទុំ ឬលឿង វាជារឿងមួយ ដែលកើតចេញពីការថយចុះ នៃការឆ្លងមេរោគកូវីដ១៩ ប៉ុន្តែបើបងប្អូនប្រហែស នាំឲ្យឆ្លងមេរោគកូវីដ១៩ឡើងវិញ គឺការប្រែពណ៌ របស់តំបន់នីមួយៗ នឹងប្រែទៅពណ៌ក្រហម លឿងទុំ និងលឿងវិញជាមិនខានឡើយ ដូច្នេះសូមបងប្អូនបន្ត យកចិត្តទុកដាក់កុំឲ្យឆ្លងមេរោគកូវីដ១៩ ឲ្យសោះ»។

សូមរំលឹកថា បើតាមលោក កើត ឆែ អភិបាលរងសាលារាជធានីភ្នំពេញ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ស្អែកទៅ ភូមិសាស្ត្ររាជធានីភ្នំពេញ នឹងកំណត់ឲ្យសឹងតែគ្មានជាតំបន់ក្រហមទៀតទេ (បើមានក៏មានតួចតិចបំផុត) ដោយសារចំនួនអ្នកឆ្លងកូវីដ១៩ បានថយចុះជាបន្តបន្ទាប់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២២ ៨៨៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ សរុបចំនួន ១៤ ៣៤៣នាក់ និងស្លាប់សរុបចំនួន ១៥៦នាក់៕