ភ្នំពេញ៖ លោក ប៊ុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងផ្លូវជាតិ លេខ១០ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានបន្តដឹកនាំ ក្រុមការងារជំនាញ ចុះត្រួតពិនិត្យ លក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាព ការងារសាងសង់ ដោយមានការចូល រួមពីតំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យ លក្ខណៈបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។
យោងតាមក្រសួងសារធារណៈការនិងដឹកជញ្ជួនបានឱ្យដឹងថា ជាលទ្ធផល ការសាងសង់ផ្លូវនេះសម្រេចបាន៤៨,៧៧% ហើយគិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២១ ហើយបច្ចុប្បន្នក្រុមហ៊ុន សាងសង់កំពុងបន្តការងារ សាងសង់របស់ខ្លួនយ៉ាង សស្រាក់សស្រាំ ទោះបីកម្ពុជាកំពុងជួបប្រទះ នៃការឆ្លងរីករាលដាល ជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ។
សូមបញ្ជាក់ថា៖ ផ្លូវជាតិលេខ១០មានប្រវែង ១៩៧,៣៦ គីឡូម៉ែត្រ លាតសន្ធឹងកាត់ស្រុកសំឡូត ខេត្តបាត់ដំបង ពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ហើយផ្លូវនេះមិនត្រឹមតែ ផ្តល់អត្ថប្រយោជន៍ ក្នុងការធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាផ្នែកមួយទាក់ទាញអ្នកទេសចរណ៍ដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល ដោយសារផ្លូវនេះមានតំបន់ធម្មជាតិជាច្រើន ជាពិសេសព្រៃឈើ ក្រាស់ៗយ៉ាងស្រស់ស្អាត។
ក្នុងឱកាសនេះ លោកបានជំរុញឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស បន្តយកចិត្តទុកដាក់លើកិច្ចការងារសាងសង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្របតាមស្តង់ដារបច្ចេកទេស ត្រឹមត្រូវដើម្បីធានាការ ប្រើប្រាស់បានយូរអង្វែង និងចូលរួមអនុវត្តឱ្យបាននូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ទាំងអស់គ្នាដើម្បីបញ្ជៀសការឆ្លងជម្ងឺកូវីដ-១៩៕