ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនគណនីហ្វេសបុកឈ្មោះន Vireak Bot ដែលបានរាយការណ៍ ក្នុងប្រអប់សារផេកស្នងការដ្ឋាន នគរបាលខេត្តកណ្តាល មានខ្លឹមសារថា៖ ម្តាយខ្ញុំមានប្តីក្រោយ ហើយគាត់មានកូនចំនួនបួននាក់ និងខ្ញុំជាកូនដើមចំនួនពីរនាក់ ហើយពូដែលជាប្តីក្រោយរបស់ម្តាយខ្ញុំ គាត់បានយកសៀវភៅគ្រួសារ ដែលមានពីរនាក់បងប្អូនខ្ញុំទៅគូសចោល ហើយគាត់ដេញឲ្យម្តាយខ្ញុំទៅប្តឹង នៅពេលដែលម្តាយខ្ញុំទៅប្តឹង ខាងលោកមេប៉ុស្តិ៍ដេញឲ្យមកមេភូមិ តែនៅពេលដល់ផ្ទះពូមេភូមិគាត់មិនហ៊ាន សរសេរទេគាត់ខ្លាចជនបង្កថាគាត់កាន់ជើងម្ខាងៗ ចឹងក្មួយមានតែស្នើខាងលោកពូជួយក្មួយផង។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពី ក្រុមការងារប្រតិកម្មរហ័សខេត្ត លោកអធិការនគរបាលស្រុកកណ្តាលស្ទឹង បានចាត់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលជើងកើប ស្រាវជ្រាវករណីខាងលើ។
ជាលទ្ធផល៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ប៉ុស្តិ៍នគរបាលរដ្ឋបាលជើងកើប ដោយមានការចូលរួមសហការជាមួយអ្នកស្រី ក្រុមប្រឹក្សាឃុំជើងកើប បានអញ្ជើញ ឈ្មោះ គង់ សាន់ ភេទប្រុស អាយុ៤២ឆ្នាំ ត្រូវជាប្តី និងជាអ្នកយកសៀវភៅគ្រួសារគូសលុបកូនដើមចោល និងឈ្មោះ ពុធ ស្រី ភេទស្រី អាយុ៤៦ឆ្នាំ ត្រូវជាប្រពន្ឋ នាក់ទាំងពីររស់នៅភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឺង ខេត្តកណ្តាល មកប៉ុស្តិ៍នគរបាលរដ្ឋបាលជើងកើប ដើម្បីសួរនាំ។
មូលហេតុដែលឈ្មោះ គង់ សាន់ ជាឪពុកចុងយកសៀវភៅគូសលប់កូនដើមចោលមកពី កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ កូនដើម ឈ្មោះ ពុធ ប៊ុនធូន ភេទប្រុស អាយុ២៦ឆ្នាំ បានទៅរៀបអាពាហ៍ពិពាហ៍ ប្រពន្ធ ហើយបានហៅឪពុកបង្កើតមកធ្វើជាម៉ែឪ ដោយមិនឲ្យឈ្មោះ គង់ សាន់ ជាឪពុកចុងនេះធ្វើ ជាឪ ក្នុងកម្មវិធីការ ទើបឈ្មោះ គង់ សាន់ នេះខឹងបានយកសៀវភៅគ្រួសារ មកគូសលុបកូនដើមទាំងពីរនេះ ចោលតែមិនបានប្រាប់ប្រពន្ធកូនទេ។ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ កូនស្រីឈ្មោះ សុក ចាន់ធីតា បានយកសៀវភៅគ្រួសារទៅធ្វើការ ក៏ឃើញមានស្នាមគូសលុប ហើយបានសួរម្តាយថា «នាក់ណាយកសៀវភៅគូស លេងខូចអស់អញ្ចឹង» ពេលនោះឈ្មោះ គង់ សាន់ ដែលនៅជិតនោះនិយាយថា « អាញ់អ្នកគូស ហើយបានដេញប្រពន្ធឲ្យទៅប្តឹង»។
នៅវេលាម៉ោង១១និង៤៥នាទីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ឈ្មោះ ពុធ ស្រី បានមកប៉ុស្តិ៍រដ្ឋបាលជើងកើប សួរនាំ ដើម្បីធ្វើសៀភៅថ្មី ហើយសុំដាក់ពាក្យលែងលះប្តី ដោយសារប្តីនេះ ឧស្សាហ៍ប្រើអំពើហិង្សាសារ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាញឹកញាប់ ហើយមិនគិតគូររកការងារធ្វើចិញ្ចឹម គ្រួសារគិតតែពីដើរផឹកស្រាជាប្រចាំ។
សូមបញ្ជាក់ថា លោកមេប៉ុស្តិ៍បានប្រាប់ទៅឈ្មោះ ពុធ ស្រី ថា បើចង់លែងលះគ្នា សុំទៅដាក់ពាក្យប្តឹងនៅ អាជ្ញាធរ ភូមិ ឃុំសិនទៅ បើបានលទ្ធផលយ៉ាងណា ចាំមកធ្វើសៀវភៅគ្រួសារថ្មី តែពេលឈ្មោះ ពុធ ស្រីត្រឡប់មកផ្ទះវិញបានទៅដាក់ពាក្យប្តឹង សុំលែងលះនៅផ្ទះលោកមេភូមិស្រុកធំ តែលោកមេភូមិមិនសសេរឲ្យក៏បានប្រាប់កូនស្រី ឈ្មោះ ពុធ ស្រីយ៉ា ហើយកូនស្រីនេះបានរាយការណ៍ សុំអន្តរាគមន៍ចូលផេកស្នងការដ្ឋានតែម្តង។
ក្រោយពីធ្វើការសម្របសម្រួល និងសួរនាំអ្នកទាំងពីរ បានឯកភាពគ្នា ដោយយល់ព្រមលែងលះគ្នា ចាប់ពីថ្ងៃនេះតទៅត្រឹម អាជ្ញាធរឃុំ ព្រោះអ្នកទាំងពីរ យកគ្នាមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ទេ។ ហើយប៉ុស្តិ៍រដ្ឋបាល បានធ្វើកិច្ចសន្យា ឈ្មោះ គង់ សាន់ ឲ្យឈប់ប្រព្រឹត្តអំពើទាំងនេះតទៅទៀត និងបានធ្វើសៀវភៅគ្រួសារថ្មី ដកឈ្មោះ គង់ សាន់ ចេញដាក់ឈ្មោះ ពុធ ស្រី ជាមេគ្រួសារវិញ។ អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គមមេត្តាជ្រាប ៕