ភ្នំពេញ ៖ លោកអនុសេនីយ៍ឯក អ៊ុន សំអាត មន្រ្តីនៅការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលបានដកកាំភ្លើងបាញ់ឆ្កែ ចំនួន៣គ្រាប់ ដោយសារខឹងឆ្កែពីរក្បាល រត់មកខាំជើងរបស់លោក តែម្ចាស់ មិនហាមឃាត់ឆ្កែនោះ កំពុងត្រូវបានសួរនាំ រួមជាកាំភ្លើងខ្លី១ដើម ក៏ត្រូវបានដកហូត នៅការិយាល័យបុគ្គលិក រង់ចាំការសម្រេច ពីក្រុមប្រឹក្សាអនុវត្តវិន័យ។
យោងតាមស្នងការដ្ឋាន នគរបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រោយមានការផ្សព្វផ្សាយ អំពីករណីប៉ូលីសបាញ់ឆ្កែនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យផែនការងារធនធានមនុស្ស ដែលមានការិយាល័យ បុគ្គលិកជាសេនាធិការ បានចុះស្រាវជ្រាវ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ។
ផ្អែកតាមការចុះស្រាវជ្រាវ របស់ការិយាល័យបុគ្គលិក និងផ្អែកតាមកំណត់ហេតុ របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ បានបញ្ជាក់ថា លោកអនុសេនីយ៍ឯក អ៊ុន សំអាត អត្តលេខ ៦៥១៤៤ អាយុ៣៥ឆ្នាំ មានទីលំនៅភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ពិតជាបានប្រើប្រាស់កាំភ្លើងខ្លី ១ដើម (ប្រើខ្យល់) ម៉ាក PIETRO BERTTA លេខ J59931 FH មានគ្រាប់ជ័រពណ៌សតូចៗ ៨គ្រាប់ បាញ់អស់៣គ្រាប់ នៅសល់៥គ្រាប់ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៨និង៣០នាទី។
តាមការបំភ្លឺពីលោកអនុសេនីយ៍ឯក អ៊ុន សំអាត បានឲ្យដឹងថា កាលពីថ្ងៃ១៦ ឧសភា ឆ្នាំ លោកបាននាំប្រពន្ធ និងកូនទៅលេងផ្ទះម្តាយបង្កើត នៅចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ហើយបានជិះម៉ូតូតែម្នាក់ឯង គោលបំណងទៅយកក្មួយ មកញាំនំនៅផ្ទះម្តាយ លុះពេលជិះដល់ មុខផ្ទះរបស់ឈ្មោះ ភា ដែលជាកន្លែងលក់ទឹកត្នោតជូរ ស្រាប់តែមានឆ្កែពីរក្បាល រត់មកខាំជើងរបស់លោក អ៊ុន សំអាត តែមិនមុត លោកក៏ជិះម៉ូតូទៅផុតទៅ។
លោកថា មួយសន្ទុះ ក្រោយមកលោកជិះម៉ូតូ មកវិញដល់ចំណុច មុខផ្ទះឈ្មោះ ភា ដដែល ស្រាប់តែឆ្កែនោះរត់មកខាំជើងលោក ម្តងទៀតតែមិនមុតដោយសារពាក់ស្បែកជើងឃ្លុប។ ពេលនោះលោកបានស្រែក តែម្ចាស់ឆ្កែធ្វើមិនដឹង មិនបានឃាត់ឆ្កែទេ ទើបលោកខឹងបានជិះម៉ូតូ ទៅយកកាំភ្លើងខ្លីប្រើខ្យល់ បាញ់គ្រាប់ជ័រពណ៌សតូចៗ សៀតនៅចង្កេះជិះម៉ូតូ កាត់មុខផ្ទះនោះម្តងទៀត ស្រាប់តែឆ្កែនោះរត់មកខាំទៀត ទើបលោកដកកាំភ្លើង បាញ់សំដៅឆ្កែចំនួនបីគ្រាប់ តែមិនត្រូវទេ ៕