ភ្នំពេញ៖ ព្រះអង្គ ឌួង ឆាយ បានសម្រេចលាចាកសិក្ខាបទ (សឹក) វិញហេីយនៅថ្ងៃនេះ ក្រោយសាងផ្នួសប្រមាណ ២ខែកន្លងមកនេះ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពី៣ម៉ោងមុន លោក ឌួង ឆាយ បានសរសេរថា “ខ្ញុំព្រះករុណា ខ្ញុំបាទ ឌួង ឆាយ បានលាចាកសិក្ខាបទ មកជាឃរាវាសវិញហើយទាំងក្តីអាឡោះអាល័យជាទីបំផុត។ សូមអរព្រះគុណ និងអរគុណចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គ លោកយាយ លោកតា ពូមីង ពុកម៉ែ បងប្អូនទាំងឡាយ ដែលតែងតែស្រលាញ់រាប់អាន និងគាំទ្រខ្ញុំព្រះករុណា ខ្ញុំបាទរហូតមក។ សូមអរព្រះគុណ និងអរគុណ ចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គ លោកអាចារ្យ គណៈកម្មការ វត្តមុនីប្រសិទ្ធីវង្ស ជាពិសេសខ្ញុំព្រះករុណា សូមថ្លែងអំណរព្រះករុណាទិគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចព្រះឧត្តមវង្សា កិតិ្តបណ្ឌិត មួង រ៉ា (លោកឪ) សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រះទ័យសណ្តោសប្រោសប្រទានដល់ ខ្ញុំព្រះករុណាបានស្នាក់អាស្រ័យក្នុងកំឡុងពេលសាងផ្នួស គុណបំណាច់ដ៏ធំធេងមួយនេះ ខ្ញុំព្រះករុណា នឹងចងចាំទុកក្នុងបេះដូងជារៀងរហូត។ ជាចុងក្រោយ សូមប្រគេនពរ និងជូនពរបានរួចចាកផុតទុក្ខទាំងពួងគ្រប់ៗព្រះអង្គ គ្រប់ៗគ្នាប្រកបដោយសេចក្តីសុខជានិច្ចនិរន្តរ៍តរៀងទៅ។ សូមឱ្យពិភពលោកទាំងមូល ជាពិសេសប្រទេសកម្ពុជា បានរួចចាកផុតពីជំងឺរាតត្បាតកូវីដ-១៩ ក្នុងពេលឆាប់នេះ” ។

សូមរំលឹកថា ក្រោយបាត់បង់ងារជាឧកញ៉ា ដោយសារករណីប្រេីហិ.ង្សាលេីអតីតភរិយា កាលពីពេលថ្មីៗនេះ ស្រាប់ តែនៅថ្ងៃទី២១ ខែមីនា លោក ឌួង ឆាយ បានសម្រេចចិត្តសាងផ្នួស ដេីម្បីសងគុណអ្នកមានគុណ និងលាងបាបកម្មទាំងឡាយ ៕

