ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីមួយក្រុមមានគ្នា ៥នាក់ បានសម្រុកចូលផ្ទះវេរលុយមួយកន្លែង លួចលុយអស់ចំនួន ៣៦លានរៀល និងប្រាក់ដុល្លារ ១០០០ដុល្លារ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៩៖៤៥នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ឈុំ ស៊ុនណារី ភេទស្រី អាយុ៥១ឆ្នាំ មានទីលំនៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែកជនសង្ស័យចំនួន ៥នាក់ មានស្រីម្នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ ។ ដោយឡែកសម្ភារបាត់បង់រួមមាន៖ លុយខ្មែរចំនួន៣៦.០០០.០០០ រៀល, លុយដុល្លារចំនួន ១០០០ដុល្លារ, សៀវភៅធនាគារអម្រិត ចំនួន២ក្បាល, កាតវីងចំនួន២សន្លឹក និងកាបូបស្ពាយចំហៀងចំនួន១។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកតូបលក់អីវ៉ាន់ចាប់ហួយ និង ដូរលុយវីងដូចសព្វមួយដង ដោយមានអ្នកមកទិញដូរធម្មតា។ លុះមកដល់ម៉ោង ៨និង៣២នាទី មានក្រុមជនសង្ស័យ ២នាក់ (ស្រី១នាក់) ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមិនចាំស្លាកលេខមកឈប់ នៅមុខតូបលក់ចាប់ហួយរបស់ជនរងគ្រោះ ពេលនោះជនសង្ស័យម្នាក់ ភេទស្រីបានចុះពីលើម៉ូតូដើរមកសួរជនរងគ្រោះដើម្បីដូរលុយ រួចបានដកលុយ ១០០ដុល្លារឱ្យទៅជនរងគ្រោះ ខណៈនោះជនរងគ្រោះ ក៏បានចូលក្នុងទូវីងដើម្បីដូរលុយឱ្យជនសង្ស័យ រួចហើយជនសង្ស័យទាំង ២នាក់បានជិះម៉ូតូចេញទៅទិសខាងលិចបាត់ទៅ រហូតដល់ម៉ោង ៨និង៥២នាទី ក្រុមជនសង្ស័យដដែលបានជិះម៉ូតូចំនួន ៣គ្រឿងមកឈប់នៅក្បែរតូបលក់ដូរ របស់ជនរងគ្រោះ។ ពេលនោះជនសង្ស័យម្នាក់ភេទស្រី បានចុះមកទិញស្រាបៀរ Ganzberg ចំនួនមួយកេស ហើយដោយឃើញជនរងគ្រោះនៅតែម្នាក់ឯង ជនសង្ស័យម្នាក់ទៀតបានដើរចូលក្នុងទូវីង ធ្វើសកម្មភាពភាពលួចយកលុយរបស់ ជនរងគ្រោះហើយនាំគ្នាជិះម៉ូតូគេចខ្លួនទៅទិសខាងកើតបាត់ទៅ រហូតមួយសន្ទុះក្រោយមកទើប ជនរងគ្រោះដឹងថាបាត់លុយទើបតេតាមទូរស័ព្ទ ប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះពុទ្ធ។
បច្ចុប្បន្នកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បានចុះមកដល់កន្លែងកើតហេតុដើម្បីកសាងសំណុំរឿង និងស្រាវជ្រាវបន្ត ៕