ចាប់ក្រុមអ្នកលេងបាល់ទះ ៩នាក់ ពិន័យម្នាក់ ២០ម៉ឺនរៀល ចំណែកម្ចាស់ទីតាំង ២លានរៀល

0

​ភ្នំពេញ​៖ សមត្ថកិច្ចចាប់​ក្រុមអ្នកលេង​បាល់ទះ ៩​នាក់ ផាកពិន័យ​ម្នាក់ ២០​ម៉ឺន​រៀល ខណៈ​ម្ចាស់​តារាង​បាល់ទះ ផាក​ ២​លាន​រៀល​ ។ ករណីចុះឃាត់ខ្លួននេះ ធ្វើឡើងកាលពី​​រសៀល​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១​ក្នុងភូមិ​១០ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​មូលហេតុ​នៃ​ការឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ទាំង​៩​នាក់​ខាងលើ បន្ទាប់ពី​មាន​ពលរដ្ឋ​រាយការណ៍​ថា មានការ​ប្រមូលផ្តុំ​អ្នក​និយម​ហាត់ប្រាណ និង​លេង​ល្បែងស៊ីសង​បាល់ទះ​ភ្នាល់​គ្នា ដាក់​លុយ​ដែល​ល្មើស​នឹង​ការណែនាំ​របស់​ក្រសួងសុខាភិបាល មិន​ឲ្យ​មានការ​ប្រមូលផ្តុំ​គ្នា​និង​បំពាន​វិធានការ ៣​កុំ និង​៣​ការពារ​ទើប​លោក​អភិបាល​បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​នគរបាល ផ្សារ​ដេប៉ូ​ទី​៣ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ចុះទៅពិនិត្យ​និង​ស្រាវជ្រាវ​ជាក់ស្ដែង​។

ជា​លទ្ធផល​ឃាត់ខ្លួន​មនុស្ស​ ៩​នាក់ បញ្ជូន​ទៅកាន់​សាលាខណ្ឌ​ទួលគោក ធ្វើការ​អប់រំ ផាកពិន័យ​ក្នុង​ម្នាក់ៗ​ ២០​ម៉ឺន​រៀល ។ ​រីឯ​ម្ចាស់​ទីតាំង​តារាង​បាល់ទះ ត្រូវ​ផាកពិន័យ​ចំនួន​ ២​លាន​រៀល​ផងដែរ​ ៕​