ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ សហការជាមួយកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងស្រុក ឃាត់ខ្លួនមេខ្យល់ម្នាក់បម្រុងនាំពលករ ប្រុស.ស្រី៨នាក់ លួចឆ្លងដែនទៅប្រទេសថៃ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១តាមបន្ទាត់ព្រំដែនភូមិសាស្ត្រភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ។
លោកវរសេនីយ៍ត្រី តាំង សុខ មេបញ្ជាការកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានឱ្យដឹងថា មេខ្យល់ដែលត្រូវឃាត់ខ្លួនឈ្មោះ វណ្ណះ វណ្ណន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ។
លោកបានបន្តថា កម្លាំងបានដកហូតរថយន្ត១គ្រឿង ជាមធ្យោបាយដឹកជញ្ជូនត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីសាកសួរ។
លោកវរសេនីយ៍ត្រី តាំង សុខ បានបញ្ជាក់ថា តាមចម្លើយពលករគឺពួកគាត់បម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃតាមរយៈមេខ្យល់ម្នាក់តំលៃ៥.០០០បាត ជូនដល់កន្លែងធ្វើការងារ និងរកការងារអោយធ្វើតែត្រូវសមត្ថកិច្ចចាប់ និងចម្លើយមេខ្យល់បានសារភាពត្រូវបានកសាងសំណុំបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ និងពលករប្រុស.ស្រី៨នាក់ បញ្ជូនដាក់មណ្ឌលដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕

