ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានបញ្ជូនខ្លួនជនសង្ស័យចំនួន ៦នាក់ ក្នុងនោះមានជនជាតិចិន ៥នាក់ និងបុរសជនជាតិខ្មែរម្នាក់ ដែលជាប់ពាក់ព័ន្ធករណីចាប់បង្ខាំងជនជាតិចិនដូចគ្នា ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។ បន្ទាប់ពីកម្លាំងសមត្ថកិច្ច បានបង្ក្រាបករណីចាប់បង្ខាំងបុរសជនជាតិចិនម្នាក់ ដោយខុសច្បាប់នៅចំណុចភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដោយរំដោះបានជនរងគ្រោះម្នាក់។
បើតាមលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីវេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃពុធទី១២ ខែឧសភា ឆ្នាំ២០២១ កម្លាំងជំនាញ ចំនួន១៥នាក់ ដឹកនាំដោយលោក ឆេង វុទ្ធី នាយសេនាធិការ ក្រោមការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យាការអមសាលាដំបូងខេត្តព្រះសីហនុ ចុះបង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ នៅចំណុចភូមិ២។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បន្តថា ហេតុការណ៍នេះកម្លាំងរបស់លោក បានរំដោះជនរងគ្រោះម្នាក់ឈ្មោះ Cai Tao ជនជាតិចិន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
ជនសង្ស័យចំនួន ៦នាក់ ដែលត្រូវបានចាប់ខ្លួនរួមមាន៖ ទី១៖ ឈ្មោះ Goo Xiao Dong ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ស្នាក់នៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។ ទី២៖ ឈ្មោះ Wang Huan ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។ ទី៣៖ ឈ្មោះ Qin Biao ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។ ទី៤៖ ឈ្មោះ Lin QiaoFang ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។ ទី៥៖ ឈ្មោះ ជា សីហា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ។ និងទី៦៖ ឈ្មោះ បួយ ទៀង ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។
វត្ថុតាងដកហូតបានរួមមាន៖ រថយន្តចំនួន ១គ្រឿង ម៉ាកឡង់គ្រីស័រ ឆ្នាំ1999 ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2D-6155, ទូរស័ព្ទដៃចំនួន ៩គ្រឿង, កុំព្យូទ័រ Laptop ចំនួន ៥គ្រឿង, ម្សៅពណ៌សចំនួន ១កញ្ចប់តូច និងជញ្ជីងថ្លឹង១ ព្រមទាំងឧបករណ៍ប្រើប្រាស់ថ្នាំញៀន, លិខិតឆ្លងដែនចំនួន ២ច្បាប់, កាតចំនួន៣១សន្លឹក, កាំបិតស្នៀតចំនួន៧, ដំបងឆក់ចំនួន ១ដើម, គ្រាប់កាំភ្លើងចំនួន ៩គ្រាប់, ខ្នោះដៃជ័រចំនួន ៣ខ្សែរ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត ៕