ភ្នំពេញ៖ កម្លាំងនគរបាលខេត្តបាត់ដំបង ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង័្សយ ឈ្មោះ ហ៊ុប រីម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិសាមសិប ឃុំតាក្រីស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរជាកសិករ។
សូមជម្រាបជូនថាកាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ម្ចាស់គណនីឈ្មោះ សំ អឿន ផ្ទេរប្រាក់ បានបង្ហោះខ្លឹមសារនិងរូបភាពពីករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយដែលកើតឡើងក្នុងមូលដ្ឋានភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២១ ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បណ្តាលឱ្យឈ្មោះ រួត វីរៈ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខបរកសិករ រងរបួសធ្ងន់ធ្ងរ ត្រូវនាំទៅសង្រ្គោះ នៅមន្ទីរពេទ្យឯស្រុកសំពៅលូន។
ក្រោយការបង្ហោះផ្សព្វផ្សាយនិងទទួលបាន នូវពាក្យបណ្តឹងរបស់ជនងគ្រោះសមត្ថកិច្ចបាន ស្រាវជ្រាវភ្លាមៗរហូតឈានដល់ការឃាត់ ខ្លួនបានតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង័្សយឈ្មោះ ហ៊ុម រីម បានឆ្លើយសារភាពថា ក្នុងយប់កើតហេតុរូបគាត់បានយកកែវគប់ ទៅលើក្បាលរបស់ជនរងគ្រោះខាងលើ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរប្រាកដមែន ដែលករណីនេះគឺផ្តើមឡើងដោយសារ ជម្លោះទំនាស់ពាក្យសំដីតែប៉ុណ្ណោះ ។
នៅពេលនេះជនរងគ្រោះកំពុង សម្រាកព្យាបាលជំងឺនៅឯមន្ទីរពេទ្យ រីឯជនដៃដល់សមត្ថកិច្ចបាន រៀបចំកសាងសំណុំរឿងបញ្ជូន មកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ ៕