ភ្នំពេញ៖ ក្មេងប្រុសម្នាក់ត្រូវរូបបដិមា រលំសង្កត់កិនស្លាប់ ខណៈចងអង្រឹងអង្គុយលេង ដោយចងជាប់ព្រះហស្ថបដិមាម្ខាង និងដើមពោធិ៍បណ្តាលឲ្យ ដួលព្រះបដិមាសង្កត់លើស្លាប់ ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ១០៖៥០នាទី នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅចំណុច ដើមពោធិ៍ ក្នុងវត្តសាគ្រាម ស្ថិតក្នុងភូមិសាគ្រាមជើង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
កុមាររងគ្រោះឈ្មោះ កែវ បៃ ភេទប្រុស អាយុ ១១ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ។
តាមការរៀបរាប់របស់ឈ្មោះ ឌី ដិនណា អាយុ៣៥ឆ្នាំ ត្រូវជាឪពុកបានឲ្យដឹងថា ផ្ទះរបស់ខ្លួននៅទល់មុខវត្តសាគ្រាម ហើយកូនប្រុសខ្លួនតែងតែដើរ មកលេងក្រោមដើមពោធិ៍ក្នុងវត្តជាមួយក្មេងៗ ក្នុងភូមិររៀងរាល់ថ្ងៃ ។ នៅថ្ងៃកើតហេតុក្រោយពីហូបបាយថ្ងៃរួច គាត់ធ្វើការដូចធម្មតា មិនបានតាមមើលកូនលេងទេ ដល់ម៉ោងប្រហែល ១០.៥០ នាទីស្រាប់តែមានក្មេងៗ ក្នុងភូមិរត់មកប្រាប់ថា ព្រះដួលសង្កត់លើហើយ ។ លឺដូចនោះខ្លួនក៏រត់មកមើល ឃើញអ្នកភូមិជាច្រើនអ្នក ហើយឃើញគេលើកបីកូនប្រុស យកមកឲ្យ ខ្លួនពេលនោះលើកយកទៅដាក់លើឡានបើកចេញ ទៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង ទៅដល់គ្រូពេទ្យបានប្រាប់ថា កូនខ្លួនបានស្លាប់បាត់ទៅហើយ ។
ក្រោយទទួលព័ត៌មានកម្លាំងជំនាញស្រុក សហការជាមួយប៉ុស្តិ៍ និងអាជ្ញាមូលដ្ឋានចុះពិនិត្យកន្លែងកើតហេតុ និងសាកសពឃើញថា សពមានស្លាកស្នាមបែកជាំរាងផ្កាយ ចំលើខ្ទង់ច្រមុះប្រវែង៦ស.ម ទទឹង៣ស.ម ទ្រុឌធ្លុះដល់ឆ្អឹងលលាដ៍ក្រៅពីនេះ មិនមានស្នាមអ្វីគួរកត់សម្គាល់ឡើយ ។ តាមការសន្និដ្ឋាន សពកុមាររងគ្រោះស្លាប់ដោយសារព្រះធ្វើអំពីថ្ម ដួលសង្កត់លើពុំមានពាក់ព័ន្ធ បទល្មើសព្រហ្មទណ្ឌឡើយ ដោយចងអង្រឹងដេកលេងជាប់ដៃព្រះ ទៅនិងដើមពោធិ៍ដួលព្រះសង្កត់លើ ។
ក្រោយពិនិត្យចប់សមត្ថកិច្ច បានប្រគល់សាកសពជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕