វ៉ាក់សាំងនាំសំណាង! ស្រ្តីចាក់វ៉ាក់សាំងទី២លាន ទទួលបានរង្វាន់ លើកទឹកចិត្ត ១០លានរៀល ពី សម្ដេចតេជោ ហ៊ុន សែន

0

ភ្នំពេញ ៖ រកឃើញមនុស្សទី២លានហើយបានទៅចាក់វ៉ាក់សាំងកូវីដ១៩នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ ដែលនឹងត្រូវទទួលបានរង្វាន់លើកទឹកចិត្តចំនួន១០លានរៀល។ អ្នកចាក់ទី២លាននេះ បានទៅលើស្រ្តី ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការិនីរោងចក្រ។ នេះបើតាមការបង្ហាញក្នុងហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ការផ្តល់រង្វាន់លើកទឹកចិត្តនេះ នឹងប្រគល់ជូនដោយលោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ ចលើការចាក់វ៉ាក់សាំង ។

សម្តេចតេជោបានថ្លែងថា លោក ហ៊ុន ម៉ាណែត ជាអ្នកចាក់ម្ជុលទី១ បន្ទាប់ពីការចាប់ផ្តើម ចាក់វ៉ាក់សាំងនៅថ្ងៃ១០ ខែកុម្ភៈ ២០២១ បន្ទាប់មកថ្ងៃ១១ ខែមេសា ២០២១ បានរកឃើញមនុស្សទី១លានដែលបានចាក់វ៉ាក់សាំងគឺលោកលោក ប៉ាន់ សុវណ្ណរិទ្ធិ ដែលទទួលបានរង្វាន់១០លានរៀលផងដែរ។

សម្តេចបន្តថា ក្នុងយុទ្ទសាស្ត្រពន្លត់ភ្លើងល្អជាងអង្គុយបក់ផ្សែង ព្រោះគ្មានជម្រើសណាល្អជាងការខិតខំ ស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជននោះទេ។ការឆ្លងក្នុងសហគមន៍ ម្តងហើយម្តងទៀត នៅស្ទើរគ្រប់ប្រទេសតម្រូវឲ្យខិតខំរកវិធីទប់ស្កាត់ការឆ្លងនិងការបាត់បង់ជីវិតប្រជាជនតាមរយៈការចាក់វ៉ាក់សាំង។

សម្តេចតេជោបន្ថែមថា ក្នុងចំណោមប្រជាជន ទាំងចាស់ទាំងក្មេង១៦លាននាក់ ដែលនឹងត្រូវចាក់វ៉ាក់សាំង មានតែ១០លាននាក់ប៉ុណ្ណោះ។ ដំណើរការចាក់វ៉ាក់សាំងនេះកំពុងអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ពីក្នុងចេញក្រៅ ។ ដោយចាក់នៅរាជធានីភ្នំពេញមានមនុស្សរស់នៅកុះករជាមុន បន្ទាប់ទៅនឹងចេញទៅបណ្តាខេត្ត តាមលំដាប់អាទិភាព៕