រន្ធត់ណាស់! ស្រ្តីម្នាក់ស្លាប់ និងបុរសពីរនាក់របួសធ្ងន់ ក្នុងហេតុការណ៍ ឡានបុកម៉ូតូ ដឹកផ្លែស្វាយ នៅខេត្តពោធិ៍សាត់

0

ភ្នំពេញ៖ រថយន្តនិងម៉ូតូសណ្តោងរ៉ឺម៉ក ដឹកផ្លែស្វាយ បានបុកគ្នា បណ្តាលឱ្យស្រ្តីម្នាក់ស្លាប់ បុរស២នាក់រងរបួសធ្ងន់។ គ្រោះថ្នាក់ចរាចរណ៍នេះស្ថិតលើផ្លូវជាតិលេខ៥ក្នុងភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ២០២១។

លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានឱ្យដឹងថា៖គេបានឃើញរថយន្តម៉ាកហ្វតពាក់ផ្លាកលេខភ្នំពេញ 2AU-9960បើកដោយឈ្មោះ ទុយ តុលា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិប្រឡាយធំ ឃុំវាលស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ បានបុកជាមួយម៉ូតូធុនវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានផ្លាកលេខ សណ្ដោងរ៉ឺម៉កដឹកផ្លែស្វាយបណ្តាលឱ្យអ្នកបើកបរម៉ូតូ ឈ្មោះ គឹមអាន កែវឡាយ ភេទប្រុស អាយុ២៩ឆ្នាំ ។អ្នករួមដំណើរ២នាក់ឈ្មោះ ឯក គឹមអាន ភេទប្រុស អាយុ៧៩ ឆ្នាំត្រូវជាឪពុករងរបួស និងឈ្មោះ ណុប ហ៊ុន ភេទស្រី អាយុ៤៩ឆ្នាំ ត្រូវជាម្ដាយបានស្លាប់។

លោក អធិការនគរបាលស្រុកបាកាន បានបន្តថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីកត្តាមិនប្រកាន់ស្តាំ។រថយន្ត និងម៉ូតូត្រូវបានកម្លាំងនគរបាលជំនាញ ប្រគល់ទៅឱ្យ ជំនាញចរាចរណ៍ផ្លូវគោក នៃនគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី ៕