ឪពុកម្ដាយគួរតែប្រយ័ត្ន! ក្មេងប្រុស៣នាក់ លង់ទឹកស្លាប់ នៅស្រុកចំនួន២ ក្នុងខេត្តបាត់ដំបង

0

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ មានករណីក្មេងលង់ទឹកចំនួន០២លើក បណ្តាលអោយកុមារាចំនួន០៣នាក់ បានស្លាប់បាត់បង់ជីវិត នៅស្រុកមោងឬស្សី និងស្រុកសង្កែ។

នៅស្រុកមោងឫស្សី ត្រង់ចំណុចក្រុមទី៥ ភូមិវត្តចាស់ ឃុំតាលាស់ មានករណីក្មេងប្រុសលង់ទឹកស្លាប់ ១នាក់ឈ្មោះ ណាង រតនា ភេទប្រុស អាយុ០៥ឆ្នំា រស់នៅភូមិវត្តចាស់ ឃុំតាលាស់ ស្រុកមោងឫស្សី ដោយមូលហេតុក្មេងប្រុសខាងលើ បានចុះលេងទឹកស្រះ ខណៈពេលឪពុកកំពុង រវល់មិនបានមើលកូន។

ករណីលង់ទឹកទី២ នៅស្រុកសង្កែ ត្រង់ចំនុចភូមិអូរមុនី២ ឃុំអន្លង់វិល បានបណ្តាលអោយក្មេងប្រុស២នាក់បានស្លាប់ ១.ឈ្មោះ ឡាយ យ៉ុងបី ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ និង២.ឈ្មោះ វុធ ណាវីន ភេទប្រុស អាយុ ១១ឆ្នាំ រស់នៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ។

តាមការរាយការណ៍ពី សមត្ថកិច្ចបានអោយដឹងថា ក្មេងប្រុសទាំងពីរនាក់ ខាងលើបានចុះលេងទឹកស្រះដែលអេះស្កាកាយយកដីជំរៅប្រហែល៩ម៉ែត្រ ទើបបណ្តាលឲ្យលង់ស្លាប់។

ក្រោយពីទទួលបានពត៌មាន កម្លាំងផ្នែកជំនាញសហការជាមួយលោកគ្រូពេទ្យមណ្ឌលសុខភាពឃុំ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនគ្រោះទាំងបីនាក់ខាងលើ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕