ឃាត់ខ្លួនជនបរទេសម្នាក់ ករណីស្នាក់នៅខុសច្បាប់

0

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានទទួលជនបរទេសម្នាក់ពី មណ្ឌលធ្វើចត្តាឡីស័ក គរុកោសល្យ ពាក់ព័ន្ធនឹងករណីស្នាក់នៅខុសច្បាប់។

លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន្ត ស្នងការរងទទួលការងារអន្តោប្រវេសន៍ បានឱ្យដឹងថា ជនបរទេសរូបនេះឈ្មោះ STEVEN SKELLY ភេទប្រុស កើតថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ១៩៨៣ ជនជាតិអង់គ្លេសគ្មានមុខរបរ គ្មានកន្លែងស្នាក់នៅពិតប្រាកដ។ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ រួចបន្តដំណើរទៅស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រហូតដល់អំឡុងខែសីហា ឆ្នាំ២០២០ បានធ្វើដំណើរមកខេត្តសៀមរាប ដើម្បីស្វែងរកការងារធ្វើ តែដោយសារមានបញ្ហាជំងឺកូវីដ-១៩ ខ្លួនពុំអាចរកការងារបាន ហើយក៏គ្មានថវិកាគ្រប់គ្រាន់សម្រាប់ចំណាយលើការស្នាក់នៅហូបចុកប្រចាំថ្ងៃបាន និងដើរស្នាក់នៅតាមទីសាធារណៈនានាក្នុងក្រុងសៀមរាប។ រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅយកសំណាក ធ្វើតេស្តនិងធ្វើចត្តាឡីស័កនៅសាលាគរុកោសល្យរយៈពេល១៤ថ្ងៃ ទទួលបានលទ្ធផលអវិជ្ជមាន។ ទិដ្ឋាការស្នាក់ក៏បានផុតកំណត់តាំងពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ រហូតដល់សព្វថ្ងៃ។ ដោយសារពុំមានថវិកា ទើបមិនបានបន្តសុពលភាពទិដ្ឋាការស្នាក់នៅ។

បច្ចុប្បន្ន ជនបរទេសរូបនេះត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅស្នាក់ការត្រៀមបណ្តេញប្រចាំខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធីបន្ត ៕