១០ថ្ងៃ ក្រសួងការពារជាតិ ចាក់វ៉ាក់សាំង ជូនពលរដ្ឋរស់នៅតំបន់ក្រហមបានជិត ៤៥ម៉ឺននាក់

0

ភ្នំពេញ៖ រយៈពេល ១០ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈម នឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ក្រុមការងារចាក់វ៉ាក់សាំង របស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជិត ៤៥ម៉ឺននាក់ ។

យោងតាមរបាយការណ៍ ដែលទទួលបាននៅព្រឹកទី១១ ខែឧសភា បានបង្ហាញថា នៅថ្ងៃទី១០ ខែឧសភា ម្សិលមិញនេះ ក្រុមការងារចាក់បាន ៤៩,៦៩៥នាក់ ស្រី ២៧,១៤៦នាក់។ សរុប១០ថ្ងៃចាក់បានចំនួន ៤៤៩,៣១២នាក់ ស្រី ២៤១,៥៨៤នាក់។ ក្នុងនោះខណ្ឌមានជ័យ ចាក់បាន ៩៥,០៥៣នាក់ ខណ្ឌដង្កោ ចាក់បាន ១១៣,៣៦៧នាក់ ខណ្ឌកំបូល ចាក់បាន ៧៩,៩៦៦នាក់ ខណ្ឌពោធិ៍សែនជ័យ ចាក់បាន ១៤១,៣៧៨នាក់ ខណ្ឌឫស្សីកែវ ចាក់បាន ១៤,៧៦១នាក់ និងខណ្ឌទួលគោក ចាក់បាន ៤,៧៨៧នាក់៕