ភ្នំពេញ៖ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០១ នៅចំណុចផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដនិងម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ស្រីម្នាក់ប្រុសម្នាក់ និងរបួសធ្ងន់២នាក់ប្រុស និងបណ្តាលឲ្យខូចខាតម៉ូតូ១គ្រឿង រថយន្ត១គ្រឿង និងរបងផ្ទះមួយចំនួន ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួន។
យោងតាមរបាយការណ៍បឋម របស់សមត្ថកិច្ចបានឲ្យដឹងថា មានរថយន្តមួយគ្រឿងម៉ាកអ៊ីស្តានា(ISTANA) ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AW-1884 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) បានបើកបរក្នុងទិសដៅ ពីជើងទៅត្បូង (តាខ្មៅ-ជ្រៃធំ)លុះបើកមកដល់ចំណុចកើតហេតុខាងលើ ក៏ មានអ្នកបើកបរ ម៉ូតូមួយគ្រឿង ម៉ាកហុងដាស៊េរីឆ្នាំ2019 ពាក់ស្លាកលេខ កណ្តាល1AG-8092 បើកបរក្នុងទិសដៅ ពីត្បូងទៅជើង អ្នកបើកបរម៉ូតូឈ្មោះ គីមសុង អ៊ីហុង ភេទប្រុសអាយុ១៨ឆ្នាំ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល (រងរបួសធ្ងន់)។រួមដំណើរដោយឈ្មោះ វឿន ជីវ័ន្ត ភេទប្រុសអាយុ៣ឆ្នាំ(ស្លាប់) មានទីលំនៅភូមិឃុំជាមួយគ្នា។
ពេលនោះអ្នកបើកម៉ូតូ បើកបរក្នុងទិសដៅ ពីត្បូងទៅជើង (ជ្រែធំ-តាខ្មៅ) បានបើករេចង្កូត មកបុកជាមួយនឹង រថយន្តពេញមួយទំហឹង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ប្រុស និងរងរបួសមនុស្សម្នាក់ធ្ងន់ ហើយរថយន្តបានរុញម៉ូតូ ខ្ទាតថយក្រោយ ហើយជ្រុលចង្កូត ទៅបុកម្ចាស់ផ្ទះចំនួន២នាក់ប្តីប្រពន្ធ ដែលកំពុងអង្គុយក្នុងផ្ទះ បណ្ដាលឲ្យប្រពន្ធឈ្មោះ ហោ សែ ភេទស្រីអាយុ៦១ឆ្នាំ(ស្លាប់) និងប្តីឈ្មោះ ជីវ ឡេង ភេទប្រុស អាយុ៦៣ឆ្នាំ (រងរបួសធ្ងន់) អ្នកទាំងពីរមានទីលំនៅ ភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងវាស់វែងកន្លែងនៅកើតហេតុ និងយកវត្ថុតាងទាំងពីរយកមករក្សាទុកនៅអធិការដ្ឋានស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់។ ចំណែកអ្នករងរបួសត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យរៀងៗខ្លួន ។
តាមការសន្និដ្ឋាន របស់សមត្ថកិច្ច ករណីនេះបណ្ដាលមកពីអ្នកបើរបរម៉ូតូ ខ្វះការប្រុងប្រយ័ត្ន មិនប្រកាន់ស្តាំ ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់ ដោយសាររថយន្ត បើកបរក្នុងល្បើនលឿន ៕