ហ៊ានម្ល៉េះ! ស្រីស្រស់ប្រុសស្អាត ១គូ ជិះឡានគេចគោលដៅអនុវត្តបំរាមគោចរ

0

ភ្នំពេញ៖ ស្រីស្រស់ប្រុសស្អាត ១គូ បានបើករថយន្តគេចគោលដៅ កំពុងអនុវត្តបំរាមគោចរ ហើយព្យាយាមបើករត់ ត្រូវសមត្ថកិច្ច​ជិះដេញតាមឃាត់ ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង​៩​យប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចស្តុបបូកគោ តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ច​នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានដាក់គោលដៅអនុវត្តបំរាមគោចរ​ត្រង់ចំណុចរង្វង់មូលផ្សារដើមថ្កូវ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន​។ លុះដល់វេលាកើតហេតុ ក៏មានរថយន្តមួយគ្រឿង​ម៉ាកហ្វតរ៉ែនជ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-6799 ដែលបើកបរដោយបុរស​ម្នាក់ និងស្ត្រីម្នាក់ជាអ្នករួមដំណើរជាមួយ បានធ្វើដំណើរ​តាមបណ្ដោយផ្លូវ​១៦៣ ក្នុងទិសដៅ​ពីជើងទៅត្បូង ដោយបើកឆ្លងកាត់គោលដៅ​ដែលសមត្ថកិច្ចកំពុងតែអនុវត្ត ។

ខណៈពេលនោះ សមត្ថកិច្ចក៏បានហៅរថយន្តនោះ​ឲ្យឈប់

ដើម្បីសុំត្រួតពិនិត្យលិខិត​ធ្វើដំណើរ ប៉ុន្តែរថយន្តនោះមិនបានឈប់ទេ បែរជាព្យាយាមបើករត់គេច​ចេញពីគោលដៅតែម្តង​។ ភ្លាមៗនោះសមត្ថកិច្ចក៏បាន​ជិះម៉ូតូដេញតាមពីក្រោយ​រថយន្តរហូតដល់ចំណុចខាងលើ ទើបអាចធ្វើការស្ទាក់ចាប់បាន​។

ក្រោយកើតហេតុ រថយន្តរួមទាំងអ្នកបើកបរ និងអ្នករួមដំណើរ ត្រូវបានសមត្ថកិច្ចនាំទៅកាន់​ អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសាកសួរ និងអនុវត្តទៅតាមនីតិវិធី៕