ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណមនុស្សម្នាក់ មកពីភ្នំពេញ រស់នៅស្រុកមេសាង ត្រូវបានរកឃើញថាវិជ្ជមាន ជំងឺកូវីដ-១៩ បន្ទាប់ពីបានធ្វើតេស្តរហ័ស ( Rapid Test ) បច្ចុប្បន្នស្នាក់នៅមន្ទីរពេទ្យ បង្អែកស្រុកមេសាង។
សូមបញ្ជាក់ផងដែរថា អ្នកជំងឺឈ្មោះ ចុន ជីន ភេទស្រី អាយុ ៣៨ឆ្នាំ មកពីភ្នំពេញ ( ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខ័ណ្ឌពោធិ៍សែនជ័យ ជាតំបន់ក្រហម) ជាកម្មការនីរោងចក្រកាត់ដេរ បានមកដល់ផ្ទះក្នុង ភូមិជីផុច ឃុំជីផុច ស្រុកមេសាង វេលាម៉ោង ២រសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ។ ដំបូងឡើយ អ្នកជំងឺនេះ មានអារម្មណ៍មិនស្រួលខ្លួន គាត់ក៏បានហៅពេទ្យមកពិនិត្យនៅផ្ទះ តែកម្តៅនៅបន្តឡើងក្តៅ ដដែល ហេតុនេះលោកគ្រូពេទ្យ បានបញ្ជូនគាត់ទៅមន្ទីរពេទ្យបង្អែក ស្រុកដើម្បីពិនិត្យបន្ថែម។ ពេលនោះ ដោយមានការសង្ស័យខ្ពស់ លោកគ្រូពេទ្យបានធ្វើតេស្តរហ័ស ( Rapid Test ) ជាលទ្ធផលគឺវិជ្ជមាន។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងចូលរួមយកសំណាកនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកស្រុក ព្រមទាំងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ និងដាក់ចេញវិធានការនានា ដើម្បីថែទាំសុខភាព និងទប់ស្កាត់កុំអោយមានការចម្លងបន្ត។