ប្រពន្ធស្លម្ជូរកង្កែប ប្ដីដួសទឹកសម្លហុត ស្រាប់តែឈ្លក់ស្លាប់ភ្លាមៗតែម្ដង

0

ភ្នំពេញ៖ ប្រពន្ធស្លម្ជូរកង្កែបឆ្អឹន ក៏ហៅប្ដីមកហូបបាយ ប្ដីមកដល់ដួសសម្លហុត ស្រាប់តែឈ្លក់ស្លាប់បាត់បង់ជីវិត ចោលប្រពន្ធកូន ។ ហេតុការណ៍នេះ កើតឡើងកាលពីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នៅភូមិគោកត្រាច ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ។

ជនរងគ្រោះមានឈ្មោះ សាត រើ​ន ភេទប្រុស អាយុ៤៩ឆ្នាំ និងប្រពន្ធឈ្មោះ ភួង រ៉ានអយុ ៤៨ឆ្នាំ គ្រួសារនេះនៅភូមិគោកត្រាច ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ។

បើតាមរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុតាមការរៀបរាប់បំភ្លឺ របស់ស្ត្រីជាប្រពន្ធ ប្រាប់សមត្ថកិច្ចថា គាត់និងប្តីរបស់គាត់បានរៀបចំ ហូបបាយពេលល្ងាច គឺមានសម្លម្ជូរកង្កែបសម្រាប់ហូបជាមួយបាយ ពេលកំពុងហូបប្តីរបស់គាត់បានដួសទឹកសម្លហុត ក៏ស្រាប់តែឈ្លក់និងមានអាការៈអន្ទះអន្ទែង គ្រានោះគាត់(ប្រពន្ធ)និងអ្នកជិតខាងបានជួយរឹត ធ្វើចលនាបេះដូងយ៉ាងណាក៏មិនអាចជួយសង្រ្គោះ ជីវិតប្តីរបស់គាត់បានរហូតបាត់បង់ជីវិត ។

ក្រោយពីទទួលបានព័ត៌មាន យើងបានបង្កើតគណៈកម្មការត្រួតពិនិត្យសព។ ក្រោយពីបានធ្វើការត្រួតពិនិត្យ លើខ្លួនប្រាណសាកសពពុំឃើញមានសញ្ញា ឬស្នាកស្នាមអ្វីដែលទាក់ទង និងអំពើឃាតកម្មនោះឡើយ ម្យ៉ាងវិញទៀត ស្ត្រីជាប្រពន្ធរបស់សពបាននិយាយថា ការស្លាប់របស់ប្តីគាត់គឺដោយសារ ឈ្លក់នឹងទឹកសម្លម្ជូរកង្កែប ទើបបានជាបាត់បង់ជីវិត។ ក្រោយពីពិនិត្យសពរងគ្រោះរួចប្រគល់ ឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕