ភ្នំពេញ៖ ជនជាតិឥណ្ឌូនេស៊ីម្នាក់ ជាបុគ្គលិកកាសុីណូហ្គ្រេនដ្រាហ្គន នៅកោះធំ បានចាក់ប្រហារបុគ្គលិកកាសុីណូក្រោន ជាជនជាតិឥណ្ឌូនេស៊ីដូចគ្នា បណ្ដាលឲ្យរបួសធ្ងន់ស្រាល ៤នាក់។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
ជនរងគ្រោះក្នុងហេតុការណ៍នេះ មានចំនួន ៤នាក់៖ ១.ឈ្មោះ CHALIE អាយុ២៦ឆ្នាំ, ២.ឈ្មោះ SELAMAT អាយុ៤២ឆ្នាំ, ៣.ឈ្មោះ MISKO អាយុ៣៧ឆ្នាំ និង៤.ឈ្មោះ HENDRI អាយុ៣៤ឆ្នាំ។ ពួកគេជា បុគ្គលិកកាសុីណូក្រោន ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
ដោយឡែក ជនសង្ស័យឈ្មោះ គី យ៉ុង (KUI YONG) អាយុ៤៧ឆ្នាំ មុខរបរបុគ្គលិកកាសុីណូ ហ្គ្រេនដ្រាហ្គន ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ។ ក្នុងនោះសមត្ថកិច្ចដកហូតបាន កាំបិតចុងស្រួច ចំនួន ២ដើម និងម៉ូតូម៉ាក Honda Wave អាល់ហ្វា ទឹកប៊ិច គ្មានស្លាកលេខចំនួន ១គ្រឿង។
សមត្ថកិច្ចបានបញ្ជាក់ថា កន្លងមកជនរងគ្រោះ SELAMAT និងជនសង្ស័យឈ្មោះ KUI YONG ធ្លាប់ជាមិត្តភក្ដិរកស៊ីចូលហ៊ុនគ្នាផ្នែកអនឡាញ។ ក្រោយមកប្រមាណជា៣ ទៅ៤ខែមុន ជនរងគ្រោះ និងជនសង្ស័យ ក៏មានទំនាស់ក្នុងការរកស៊ីជាមួយគ្នា ហើយក៏លែងនិយាយរាប់រកគ្នាពីពេលនោះមក ។ លុះដល់ថ្ងៃកើតហេតុ ជនសង្ស័យ និងជនរងគ្រោះបានណាត់ដើម្បីវាយគ្នាតែម្ដង៕







