មួយសូន្យ! ឃុំខ្លួនបុរសម្នាក់ ល្មើសវិធានសុខាភិបាល ចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ និងពាក់ព័ន្ធជាង១០០នាក់

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា បុគ្គលឈ្មោះ ពេជ កុសល ត្រូវបានតុលាការ ចេញដីកាសម្រេចឲ្យឃុំខ្លួន ជាបណ្ដោះអាសន្ន ពីបទ មិនអនុវត្តតាមវិធានសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក ដែលបណ្ដាលឲ្យមនុស្សចំនួន ៥នាក់ បានឆ្លងមេរោគកូវីដ១៩ និងអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលជាង ១០០នាក់ ត្រូវធ្វើចត្តាឡីស័ក។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងទៀតថា ដោយយោងតាមការស្រាវជ្រាវ៖

-ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានជួបមិត្តភក្ដិម្នាក់នៅអូរឫស្សី ដោយឈប់ម៉ូតូបើករបាំងមួកសុវត្ថិភាពនិយាយគ្នា។
ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានដឹងថាមិត្តភក្ដិដែលបានជួបខាងលើ វិជ្ជមានកូវីដ១៩ ក៏សម្រេចចិត្តទៅធ្វើតេស្ដនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទទួលបានលទ្ធិផលអវិជ្ជមាន និងបន្តធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួន។
ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានទៅធ្វើតេស្ដជាលើកទី២ នៅវិទ្យាល័យបឹងត្របែក ទទួលបានលិទ្ធផលអវិជ្ជមាន និងបន្តធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួន។
ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានទៅធ្វើតេស្ដជាលើកទី៣ (មូលហេតុប្រពន្ធជាអ្នកលក់ខោអាវនៅផ្សារអូរឫស្សី) នៅវិទ្យាល័យបឹងត្របែក និងត្រូវធ្វើចត្តាឡីស័ក ដើម្បីរងចាំលទ្ធផលធ្វើតេស្ដរបស់ខ្លួនក្នុងរយៈពេល៣ថ្ងៃ។
ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ (បិទផ្សារអូរឫស្សី) ឈ្មោះ ពេជ កុសល និងប្រពន្ធ បានចាក់ចេញពីផ្ទះដែលជាកន្លែងធ្វើចត្តាឡីស័ក នៅម៉ោង១៣៖៣០នាទី ធ្វើដំណើរទៅដល់ផ្ទះម្ដាយនៅស្រុកព្រៃកប្បាស ខេត្តតាកែវ នៅម៉ោង ១៥៖៣០នាទី តាមរយៈម៉ូតូ។ ពេលទៅដល់ បានទៅបង់សំណាញ់ចាប់ត្រីជាមួយប្អូនប្រុស ២នាក់, ពេលល្ងាចទៅលេងបាល់ទះជាមួយអ្នកភូមិ ៨នាក់។
ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នៅម៉ោង ១០៖៣០នាទី គ្រូពេទ្យបានទាក់ទងទៅឈ្មោះ ពេជ កុសល ប្រាប់ពីលទ្ធផលធ្វើតេស្ដ វិជ្ជមាន និងត្រូវយកទៅព្យាបាល តែសាម៉ីខ្លួនបែរជានៅខេត្តតាកែវទៅវិញ។
—————————————————
សកម្មភាពរបស់ ឈ្មោះ ពេជ កុសល គឺមានចេតនាមិនអនុវត្តតាមវិធានសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក និងបានចម្លងមេរោគកូវីដ១៩ ទៅមនុស្សចំនួន ៥នាក់ និងអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលជាង ១០០ នាក់ ។
—————————————————
✅ មាត្រា៩ នៃច្បាប់*៖ បទចម្លងដោយចេតនានូវជំងឺកូវីដ១៩ ដល់អ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី ៥ ឆ្នាំ ទៅ ១០ឆ្នាំ។
✅ មាត្រា១៣ និងកថាខណ្ឌ ៣ មាត្រា ២២ នៃអនុក្រឹត្យ**៖ បុគ្គលដែលមិនអនុវត្តកាតព្វកិច្ចក្នុងពេលធ្វើចត្តាឡីស័កត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ៥ សែនរៀល ទៅ ២លានរៀល។
* ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត
** អនុក្រឹត្យស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕