ភ្នំពេញ៖ កម្លាំងគបាលឃុំកោះថ្កូវ បានចាប់បុរសម្នាក់ដែលបានប្រព្រឹត្ត ២បទល្មើសរយៈពេលពីរថ្ងៃ គឺវ៉ៃប្លន់យកទូរស័ព្ទ និងប៉ុនប៉ងរំលោភសេពសន្ថវៈ។ ករណីនេះកើតឡើងនៅបឹងតាគៀត ក្នុងភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៤ និងទី៥ ខែឧសភា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី៤ ឧសភា ជនសង្ស័យឈ្មោះ សេង កុសល អាយុ២៧ឆ្នាំ រស់នៅភូមិបត់ត្រង់ ឃុំកោះថ្កូវ ស្រុកជលគីរី បានបង្កលើជនរងគ្រោះ ២នាក់ឈ្មោះ ចែម ធីម ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិ ជាមួយគ្នាដោយជនសង្ស័យ បានដេញវ៉ៃជនរងគ្រោះយកទូរស័ព្ទដៃ រួចជិះម៉ូតូគេចខ្លួនបាត់។
សមត្ថកិច្ចបានបន្តថា នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នៅម្តុំមេទឹកក្រាញ់ក្នុងភូមិកោះលតបង្កឡើងដោយជនសង្ស័យដដែល (ឈ្មោះសេងកុសល) បានទៅប៉ុនប៉ងរំលោភសេពសន្ធវៈ លើកុមារីម្នាក់អាយុ១២ឆ្នាំ មិនបានសម្រេច។
ក្រោយពីធ្វើសកម្មភ្លាមពលរដ្ឋ ប្រជាការពារនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលកោះថ្កូវ បានចុះដល់កន្លែងកើតហេតុ និងបានដេញតាមចាប់ជនសង្ស័យបានភ្លាមតែម្តង។ ក្រោយចាប់ខ្លួននគរបាលប៉ុស្តិ៍រដ្ឋបាលកោះថ្កូវ បានកសាងសំណុំរឿងបញ្ជូន ទៅអធិការនគបាលស្រុកចាត់ការ បន្តទៅតាមនីតិវិធី ៕