ភ្នំពេញ៖ បុរសជាប្តីម្នាក់ ផ្ទុះកំហឹងបានទាញកាំបិត ប៉័ងតោកាប់ ទៅលើប្រពន្ធចំនួន៤កាំបិត បណ្តាលឱ្យស្លាប់ ដោយសារតែខឹងប្រពន្ធ ជេរម៉ែរបស់ខ្លួន។ ករណីហិង្សាឈានដល់អំពើឃាតកម្មនេះ បានកើតឡើង នៅម្តុំរោងកម្មករ ស្ថិតតាមផ្លូវជាតិលេខ៦ ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា កាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២១ ។
បន្ទាប់ពីប្រើហិង្សា ប្តីរូបនោះក៏បានកាន់កាំបិតប៉័ងតោ ដើរចូលទៅកន្លែងយាមរបស់សន្តិសុខ ប្រគល់ខ្លួនឱ្យសមត្ថកិច្ចតែម្តង ។ជនសង្ស័យដែលកាប់សម្លាប់ប្រពន្ធឈ្មោះ ញឹម ពិសិដ្ឋ អាយុ៣៥ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះ ដែលជាប្រពន្ធឈ្មោះ វែង នី អាយុ៣៥ឆ្នាំ មុខរបរលក់អីវ៉ាន់ចាបហួយ ស្នាក់នៅកន្លែងកើតហេតុ ។
សាក្សីបានឱ្យដឹងថា បន្ទាប់ពីទាស់ទែងគ្នា នារីជាប្រពន្ធបានដើរទៅដេកយោលអង្រឹង ហើយបានស្រែកជេរម៉ែបុរសជាប្តី ដដែលៗរអ៊ូង៉ូវៗ ធ្វើឱ្យប្តីទ្រាំមិនបានផ្ទុះកំហឹង ស្ទុះទៅយកកាំបិតប៉័ងតោកាប់ ទៅលើប្រពន្ធ៤កាំបិតចំថ្ពាល់ឆ្វេង ១កាំបិត, ដៃឆ្វេងចំនួន២កាំបិត និងស្មាឆ្វេង១កាំបិត បណ្តាលឱ្យស្លាប់ពេល បញ្ជូនទៅកាន់មន្ទីរពេទ្យ ៕