ស្ដាយធនធាន! សាស្ត្រាចារ្យបង្រៀន នៅសាកលវិទ្យាល័យ ម្នាក់ មានជម្លោះជាមួយភរិយា គិតខ្លីចងករ សម្លាប់ខ្លួន

0

ភ្នំពេញ៖ សាស្ត្រាចារ្យសកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច UME ១នាក់ បានសម្រេចចិត្តចងកសម្លាប់ខ្លួន កាលពីព្រឹកថ្ងៃទី០៥ ខែឧសភាព ឆ្នាំ២០២១ វេលាម៉ោង០៧នឹង៣០នាទី ស្ថិតក្នុងក្រុមទី០២ ភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជនរងគ្រោះឈ្មោះ ទិត្យ រដ្ឋា ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ មុខរបរជាសាស្ត្រាចារ្យបង្រៀននៅសាលកវិទ្យាល័យ។

តាមការបំភ្លឺរបស់ឈ្មោះ ញ៉ែម បូរី (ប្អូនសព) ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មុខរបរនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែល០៦នឹង១០នាទី ព្រឹកបានទទួលដំណឹងពីម្ដាយថា អោយទៅមើលបងប្រុសឈ្មោះ ទិត្យ រដ្ឋា (សាកសព) នៅភូមិអណ្ដូងចេញ ព្រោះយប់មិញតេមកម៉ាក់ប្រហែលម៉ោង០២នឹង០០នាទី ដោយនិយាយប្រាប់គាត់ថា កូនលាម៉ាក់ហើយ ជាតិក្រោយជួបម៉ាក់ទៀត ហើយខ្ញុំសរសេរបណ្ដាំលើក្ដារខៀន។ បន្ទាប់ពីម៉ាក់ខ្ញុំប្រាប់ខ្លួនហើយ ខ្លួនក៏បានហៅកូនស្រីរបស់ខ្លួនអោយទៅផ្ទះបងរដ្ឋាជាមួយខ្លួន ពេលមកដល់ខ្លួនបានឃើញទ្វារផ្ទះបិតនិងពុំមានជាប់គន្លឹះឬសោរឡើយ ពេលបើកទ្វារខ្លួនបានឃើញបងប្រុសរបស់ខ្លួនចងក ស្លាប់បាត់ទៅហើយ។

តាមការបំភ្លឺរបស់ឈ្មោះ ឡុង សុម៉ាលី (ប្រពន្ធសព) អាយុ៥៣ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ បានបញ្ជាក់ថា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ខ្លួនបានឈ្លោះគ្នាជាមួយប្ដីឈ្មោះ ទិត្យ រដ្ឋា (សាកសព) បន្ទាប់មកខ្លូនបានទៅស្នាក់នៅផ្ទះរបស់កូនប្រុសខ្លួន នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង រហូតមកដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ កូនប្រុសរបស់ខ្លួនឈ្មោះ បញ្ញា បានទទួលទូរស័ព្ទពីពូរបស់គេឈ្មោះ ញ៉ែម បូរី ថាប៉ារបស់គេបានចងកស្លាប់បាត់ហើយ ពេលនោះកូនប្រុសរបស់ខ្លួនបានមកប្រាប់ខ្លួនថាប៉ាចងកស្លាប់បាត់ហើយ។

ដោយឆ្លងតាមការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ជនរងគ្រោះខាងលើឈ្មោះ ទិត្យ រដ្ឋា សមត្ថកិច្ចអាចសន្និដ្ឋានបានថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន ព្រោះមូលហេតុមានវិបត្តិផ្លូវចិត្តឈ្លោះគ្នាជាមួយប្រពន្ធ។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យតាមប្រពៃណីទំនៀមទំលាប់ខ្មែរ៕