ភ្នំពេញ៖ សង្ស័យផ្ដើមចេញពីរឿង គំនុំចាស់បុរសជនជាតិចិនម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណ យកកាំបិតចាក់សម្លាប់យ៉ាងសាហាវព្រៃផ្សៃ រួចជនបង្កបានរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីម៉ោង ១១៖៣៤នាទីយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នៅចំណុចខុនដូបាលី5 បន្ទប់10A ជាន់ទី10 តាមផ្លូវចែកា ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ហៅក្រៅ xiao xiao ភេទប្រុស ជនជាតិចិន អាយុប្រហែល៤០ឆ្នាំ ស្នាក់នៅខុនដូបាលី5 បន្ទប់លេខ23B ជាន់ទី23 តាមផ្លូវចែកា ក្រុម៧៨ ស្ថិតភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរនិងលិខិតឆ្លងដែនមិនទាន់មានបញ្ជាក់ ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា យោងតាមកាមេរ៉ាសុវត្ថិភាព នៅទីតាំងកន្លែងកើតហេតុឃើញថា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង ១១៖៣៤នាទីយប់ជនរងគ្រោះ បានរត់ចេញពីជណ្ដើរជើងជាន់ទី១០ ក្នុងខុនដូបាលី5 សំដៅមកជណ្ដើរយន្ត ភ្លាមៗនោះក៏មានជនសង្ស័យ មិនស្គាល់អត្តសញ្ញាណម្នាក់រត់ដេញតាមពីក្រោយ ជនរងគ្រោះដោយមានកាន់កូនកាំបិត១ នៅដៃខាងស្ដាំ។ ពេលជនសង្ស័យដេញតាមជនរងគ្រោះទាន់ ដៃខាងឆ្វេងជនសង្ស័យបាន រុញជនរងគ្រោះផ្ទប់ទៅនឹងជញ្ជាំង ហើយដៃខាងស្ដាំកាន់កូនកាំបិត ចាក់ទៅលើខ្លួនជនរងគ្រោះជាច្រើនកាំបិត បណ្ដាលដួលហូរឈាមជោកជាំ រួចជនរងគ្រោះព្យាយាមដើរ បានចម្ងាយពីរទៅបីជំហានទើបដួលស្លាប់ នៅមុខបន្ទប់កើតហេតុខាងលើតែម្ដង ។ ចំណែកជនសង្ស័យ រត់តាមជណ្ដើរយន្តចុះមកជាន់ផ្ទាល់ដី គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្ន សមត្ថកិច្ចកកំពុងធ្វើការស្រាវជ្រាវ រកមុខជនសង្ស័យយ៉ាងសកម្មបំផុត ដើម្បីចាប់ច្លួនយកមកផ្ដន្ទាទោសតាមច្បាប់ ៕