ចាប់ចិន ៥នាក់ ពិន័យម្នាក់ ២,៥លានរៀល ក្រោយធ្វើដំណើរគ្មានឯកសារបញ្ជាក់

0

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌជ្រោយចង្វា បានឃាត់ខ្លួនជនជាតិចិន ៥នាក់ ពេលធ្វើដំណើរគ្មានឯកសារបញ្ជាក់ ច្បាស់លាស់ឆ្លងកាត់គោលដៅ អាជ្ញាធរកំពុងអនុវត្តន៍វិធានការបិទខ្ទប់។ ករណីនេះនៅម្តុំរង្វង់មូលព្រហ្មមុខបួន ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា កាលពីល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ។

បុរសខ្មែរអ្នករត់កង់បីដឹកចិន បានឱ្យដឹងថា៖ចិនម្នាក់ បានហៅកង់បីគាត់ជិះ ពីកោះពេជ្រ មកខុនដូមួយកន្លែងតាមផ្លូវកែវចិន្ដា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ។ ពេលនោះចិនដែលមកពីកោះពេជ្រ បានតេទូរស័ព្ទស្រាប់តែមានចិន ៣នាក់ទៀត ចូលមកជិះបន្ថែម។ លុះមកដល់គោលដៅ ក្រុមចិនក៏ចង្អុលឱ្យទៅមុខ ឆ្លងកាត់គោលដៅត្រួតពិនិត្យសមត្ថកិច្ច សួររកឯកសារធ្វើដំណើរ ក៏ឃាត់ខ្លួនតែម្ដង។
ពេលនោះមានចិនម្នាក់ទៀត បើកម៉ូតូស្មាស់វី ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1BG-6459 ម្នាក់ទៀត បន្លំជាអ្នកដឹកតាមអនឡាញ មិនមានឯកសារបញ្ជាក់ ក៏ត្រូវឃាត់ខ្លួនផងដែរ ។

បន្ទាប់ពីសួរនាំ និងពន្យល់ទៅលើចិនទាំង ៥នាក់រួច ទើបក្រុមចិនយល់ព្រមឱ្យអាជ្ញាធរផាកពិន័យក្នុងម្នាក់ ២.៥០០.០០០រៀល ដែលធ្វើដំណើរឆ្លងកាត់គោលដៅ អនុវត្តន៍វិធានការបិទខ្ទប់ ដោយគ្មានលិខិតបញ្ជាក់ច្បាស់លាស់៕