ភ្នំពេញ៖ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៣និង០០នាទីរសៀលនៅចំណុចវត្តបុរាណនិវេសន៍ (ហៅវត្តគាស់ក្រឡ) ស្ថិតក្នុងភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡខេត្តបាត់បាត់ដំបង ខណៈព្រះសង្ឃគង់ក្នុងវត្តបានបន្តជីកដីដើម្បីដាក់លូធ្វើបង្គន់អនាម័យក៏បានប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គ្រាប់កាំភ្លើងកប់នៅក្នុងដីជាថ្មីទៀត ។
ពេលប្រទះឃើញដូចនេះ បានផ្តល់ព័ត៌មានដល់ សមត្ថកិច្ចនគរបាលជាបន្ទាន់ និងអនុវត្តតាមយោបល់ណែនាំពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានរាយការណ៍ជូនអង្គភាពស៊ីម៉ាក់ CMAC ដើម្បីពិនិត្យជាក់ស្តែងលើចំណុចទីតាំងនេះ។
ពេលមន្ត្រីជំនាញនៃអង្គភាពស៊ីម៉ាក់ CMAC ប្រើប្រាស់គ្រឿងចក្រកាយ ទៅក្នុងដីនាចំណុចនោះបានរកឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ១៨កេសដែក ស្មើនិង៤,៥០០គ្រាប់ប្រភេទគ្រាប់(PKF) ផលិតនៅប្រទេសអាមេរិច ខូចគុណភាពស្ទេីរទាំងស្រុងដែលត្រូវបានប្រគល់ជូនអង្គភាពស៊ីម៉ាក់CMAC យកទៅរក្សាទុកនិងបំផ្លាញចោល។
សូមរំលឹកជូនថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ កន្លងទៅនៅទីអារាមនេះក៏ធ្លាប់ បានប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ម្តងរួចមកហើយ ខណៈដែលព្រះសង្ឃជីកដីដាក់លូធ្វើបង្គន់អនាម័យដែលយុទ្ធភ័ណ្ឌទាំងនេះប្រភេទគ្រាប់កាំភ្លើង (PKF)ដូចគ្នាចំនួន ១៦កេសស្មើនឹង ៤,០០០គ្រាប់ (ផលិតនៅប្រទេសឣាមេរិច)។
តាមការវាយតម្លៃនិងសន្និដ្ឋានថា យុទ្ធភ័ណ្ឌទាំងនេះអាចត្រូវបានគេកប់ទុកក្នុងដី តាំងពីសម័យសង្រ្គាមយូរណាស់មកហេីយ ដែលរហូតពេលនេះបានខូចគុណភាព ស្ទេីទាំងស្រុងអស់ទៅហើយ ៕